អតីតបេក្ខភាព កម្មវិធី «X Factor Cambodia» តារាចម្រៀង ចិន យ៉ាទី សម្រក់ទឹកភ្នែក ពេលនិយាយពីអាថ៌កំបាំងគ្រួសារ
07-06-2020 12:30
(ភ្នំពេញ)៖ អតីតបេក្ខភាព ប្រឡងក្នុងកម្មវិធី «X Factor Cambodia» កញ្ញា ចិន យ៉ាទី បច្ចុប្បន្នគឺជាតារាចម្រៀង មានប្រជាប្រិយភាពមួយដួង ក្នុងស្រទាប់យុវវ័យ ស្រាប់តែសម្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ពេលនិយាយពីអាថ៌កំបាំងគ្រួសារ ក្នុងកម្មវិថី «អាថ៌កំបាំងក្រៅឆាករបស់តារា» លើទូរទស្សន៍ Fresh News។
តារាចម្រៀងម្ចាស់ Cover បទ «អាចរួមសុខតែមិនអាចរួមទុក្ខ» កញ្ញា ចិន យ៉ាទី បានចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនី, កញ្ញា ចិន យ៉ាទី បានរំឭកពីប្រវត្តិរបស់ខ្លួនថា នាងស្រឡាញ់វិស័យសិល្បៈ ផ្នែកចម្រៀងតាំងពីអាយុ៧ឆ្នាំមកម្ល៉េះ រាល់ពេលនាងតែងតែច្រៀងលេង ប៉ុន្តែត្រូវបានមិត្តភក្តិសើចចំអកថាច្រៀងមិនពីរោះ និងមុខអាក្រក់ជាដើម។ លុះចម្រើនវ័យ នាងបានមករស់នៅទីក្រុងភ្នំពេញ ដោយមាននិស្ស័យសិល្បៈ នាងត្រូវបានគេផ្តល់ឱកាសឲ្យច្រៀងតាមភោជនីយដ្ឋាន ដែលនេះជាពេលវេលានៃការហាត់សមសំឡេងឲ្យកាន់តែពីរោះ។
ចិន យ៉ាទី បន្ថែមថា កាលមកភ្នំពេញដំបូង ចេះច្រៀងតែមួយបទប៉ុណ្ណោះ គឺបទ «នឹករហូត» របស់ មាស សុខសោភា។ ក្រោយមកក៏បានលើកយកបទចម្រៀង «អាចរួមសុខតែមិនអាចរួមទុក្ខ» មកច្រៀង Cover តែនឹកស្មានមិនដល់ឡើយថា ការបកស្រាយចម្រៀងមួយនេះ ធ្វើឲ្យនាងមានទស្សនិកជនស្គាល់ច្រើន ពោលគឺមានអ្នកចូលស្តាប់ក្នុងយូធូបដល់ទៅជាង ៣លានដងឯណោះ។ កាលនេះ បានធ្វើឲ្យ យ៉ាទី រីកមុខដូចគ្រាប់ជី រហូតហ៊ានប្រថុយចូលរួមប្រឡង ក្នុងកម្មវិធី «X Factor Cambodia» រដូវកាលទី១ និងបានឈានដល់វគ្គ Live Show សប្តាហ៍ទី១។
ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» រាល់ប្រវត្តិសិល្បៈត្រូវបាន កញ្ញា ចិន យ៉ាទី បកស្រាយប្រកបដោយទឹកមុខញញឹមមានមន្តស្នេហ៍។ តែយ៉ាងណា នាងបានប្រែទឹកមុខ រហូតដល់ស្រក់ទឹកភ្នែកភ្លាមៗ ពេលកំពុងនិយាយ ព្រោះតែរំឭកដល់រឿងគ្រួសារកាលពីអតីតកាល ដែលបាន ឆ្លងកាត់យ៉ាងលំបាក។
តារាចម្រៀងស្រីដួងនេះ បាននិយាយទាំងទឹកភ្នែកថា កាលនាងនៅក្មេងធ្លាប់ច្រៀងបទភ្លេងការជាមួយឪពុក តែចាប់តាំងពីឪពុកនិងម្តាយនាង បានបែកបាក់គ្នា នាងក៏មិនអាចច្រៀងបានតទៅទៀតដែរ ព្រោះតែកាលណោះ បានឪពុកនាងបង្រៀន។ រំឭកដល់រឿងបែកបាក់គ្នា របស់ម្តាយឪពុក ធ្វើឲ្យ ចិន យ៉ាទី ហូរទឹកភ្នែកទាំងមិនដឹងខ្លួន ពោលគឺនាងបានឃ្លាតឆ្ងាយពីឪពុកតាំងពីវ័យ ១០ឆ្នាំមកម្ល៉េះ និងបានរស់នៅក្រោមការថ្នាក់ថ្នម បីបាច់ចិញ្ចឹមពីម្តាយ រហូតដល់ធំពេញវ័យ។
គួរជម្រាបថា កញ្ញា ចិន យ៉ាទី បច្ចុប្បន្នគឺជាតារាច្រៀងមួយរូប ដែលពេញនិយមខ្លាំង សម្រាប់យុវវ័យ។ បន្ទាប់ពីលើកតែចម្រៀងរបស់រៀមច្បងមកច្រៀង Cover ពេលនេះនាងកំពុងរៀបចំបញ្ចេញចម្រៀង Original Song ផ្ទាល់ខ្លួន។ តារាស្រីសាច់សខ្ចីដូចបណ្តូរចេករូបនេះថា កំពុងត្រៀមចេញចម្រៀងចំនួនពីរបទ ដែលមួយបទ ជាប្រភេទមនោសញ្ចេតនា ស្នេហាកម្សត់។ យ៉ាទី បង្ហើបថា ក្រៅពីមានអាជីពផ្នែកចម្រៀង នាងក៏អាចសម្តែងភាពយន្តបានដែរ ព្រោះកាលពីកុមារភាព នាងធ្លាប់សម្តែងរឿងជាមួយ នាយ ក្រឹម រឿង «នាងលាប នាងព្រលឹត»។
បច្ចុប្បន្នមានផលិតកម្មជាច្រើន ទាក់ទងនាងឲ្យចូលរួមសម្តែង ប៉ុន្តែមិនទាន់ទទួល ព្រោះកំពុងមមាញឹកនឹងការបញ្ចេញចម្រៀងផ្ទាល់ខ្លួន ដែលពេលរួចរាល់ នាងនឹងទទួលសម្តែងតែម្តង៕









