វឌ្ឍនភាពថ្មីនៃដំណើរទូទាត់ឌីជីថល! «ABA» និង «Grab» ពង្រឹងអេកូស៊ីស្ទែមទូទាត់ដោយមិនប្រើក្រដាសប្រាក់ ក្នុងប្រទេសកម្ពុជា
04-09-2025 14:51
(ភ្នំពេញ)៖ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឌីជីថលទំនើបឈានមុខនៅកម្ពុជា និង Grab ដែលជាស៊ូភើអេបឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបន្ដភាពជាដៃគូរបស់ខ្លួនទៅកាន់កម្រិតមួយថ្មីទៀត តាមរយៈ ការភ្ជាប់សេវាទូទាត់ឌីជីថលដំណាក់កាលថ្មី។ ការបន្ថែមមុខងារទូទាត់នៅក្នុងអេប Grab ជួយបង្កើនប្រសិទ្ធភាពពេញលេញសម្រាប់អតិថិជន និងដៃគូបើកបរ Grab ទាំងអស់នៅកម្ពុជា ដោយផ្ដល់នូវដំណោះស្រាយទូទាត់កាន់តែរលូនស្រួល និងមានសុវត្ថិភាព។
តាមរយៈការភ្ជាប់ផ្លែតហ្វមទូទាត់អនឡាញ ABA PayWay ទៅក្នុង Grab ស៊ូភើអេប អតិថិជន ABA អាចដាក់កាត ឬគណនី ABA របស់ពួកគាត់ ជាមធ្យោបាយទូទាត់គោល ដើម្បីឲ្យការទូទាត់ថ្លៃជិះ, អាហារ, និងសេវាដឹកជញ្ជូនផ្សេងៗ កាន់តែលឿន និងងាយស្រួល ដែលទឹកប្រាក់នឹងត្រូវកាត់ចេញពីកាត ឬគណនីដែលបានដាក់នោះដោយស្វ័យប្រវត្តិ។ ចំណែកឯដៃគូបើកបរ Grab ក៏ទទួលភាពងាយស្រួលបន្ថែម ដោយកម្រៃសេវាដែលរកបានប្រចាំថ្ងៃ នឹងផ្ទេរចូលគណនី ABA របស់ពួកគេស្វ័យប្រវត្តិ ដែលអនុញ្ញាតឲ្យពួកគេទទួលបានប្រាក់កម្រៃភ្លាមៗ ប្រកបដោយសុវត្ថិភាព។
កាលពីពេលកន្លងទៅថ្មីៗនេះ កិច្ចពិភាក្សាការងារទ្វេភាគីលើសមិទ្ធផលថ្មីនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលនៃធនាគារ ABA ដោយមានការចូលរួមពី លោក Zokhir Rasulov អគ្គនាយករងប្រតិបត្តិ និងជានាយកសេវាធនាគារឌីជីថលនៃធនាគារ ABA និងលោក កាំង សុវណ្ណារ័ត្ន នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab ព្រមទាំងក្រុមការងារនៃស្ថាប័នទាំងពីរ។
លោក Zokhir Rasulov មានប្រសាសន៍ថា «ការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ Grab នេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងខ្ញុំ ក្នុងការបង្កើនលទ្ធភាពទូទាត់ឌីជីថលឲ្យកាន់តែទូលំទូលាយ និងរលូនស្រួល សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ជាផ្លែតហ្វមមួយដែលបានបញ្ជ្រាបយ៉ាងជ្រៅ ទៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរាប់លាននាក់, រាប់ចាប់ពីការកុម្មង់អាហារ ដល់ការធ្វើដំណើរ។ Grab បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅសម័យថ្មីរបស់ប្រជាពលរដ្ឋខ្មែរ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពងាយស្រួលរបស់ Grab ស៊ូភើអេប ជាមួយនឹងផ្លែតហ្វមទូទាត់អនឡាញ ABA PayWay ជាទីទុកចិត្ត យើងខ្ញុំកំពុងធ្វើឲ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃ កាន់តែរហ័ស ងាយស្រួល និងសុវត្ថិភាព។ យើងខ្ញុំពិតជាមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការរួមចំណែកគាំទ្រសេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់ ជាមួយនឹងដំណោះស្រាយដ៏ឆ្លាតវៃ សុវត្ថិភាព និងផ្តោតលើភាពងាយស្រួលរបស់អតិថិជនជាចម្បង»។
លោក កាំង សុវណ្ណារ័ត្ន នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab ក៏មានប្រសាសន៍ថា «យើងខ្ញុំមានសេចក្តីរីករាយជាអនេក សូមប្រកាសថា Grab និង ABA កំពុងនាំយកដំណោះស្រាយទូទាត់បែបឌីជីថលឆ្ពោះទៅមុខមួយកម្រិតទៀត! តាមរយៈការបន្តភាពជាដៃគូជាមួយគ្នានេះ Grab កំពុងធ្វើឲ្យជីវិតកាន់តែងាយស្រួល ជាពិសេសសម្រាប់អ្នកគ្រប់គ្នានៅក្នុងប្រព័ន្ធអេកូរបស់ Grab។ ចាប់ផ្តើមពីយុទ្ធសាស្ត្រសំខាន់ៗដូចជា Driver-Partner Top-Up, ABA PayWay, Merchant Payment Integration, KHQR Top-Up ហើយឥឡូវនេះមានបន្ថែមជាមួយមុខងារ Driver-Partner Cash-Out ដែលភាពជាដៃគូនេះអនុញ្ញាតឲ្យដៃគូបើកបរ Grab ទាំងអស់អាចដកប្រាក់ចេញពីប្រាក់ចំណូល ដែលរកបានប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងងាយស្រួល! យើងខ្ញុំប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ដល់ដៃគូអ្នកបើកបរ ដៃគូអាជីវករ និងអ្នកប្រើប្រាស់ទាំងអស់ ជាមួយនឹងដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត និងសុវត្ថិភាពខ្ពស់។ Grab សហការគ្នាជាមួយ ABA ដើម្បីលើកស្ទួយអនាគត នៃការទូទាត់បែបឌីជីថលនៅក្នុងប្រទេសកម្ពុជា»។
ជាមួយនឹងការភ្ជាប់ និងដាក់ដំណើរការមុខងារថ្មីដោយជោគជ័យ ស្ថាប័នទាំងពីរនឹងបន្តពង្រឹងកិច្ចសហការ និងបង្កើនសេវាកម្មឌីជីថលបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន និងបង្កើនប្រសិទ្ធភាពរបស់ដៃគូអ្នកបើកបរ Grab៕







