* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

ក្រុមបាល់ទះយុវជនកម្ពុជា ខកខានបង្ហាញខ្លួនក្នុងកីឡាយុវជនអាស៊ី នៅបារ៉ែន ក្រោយខំប្រឹងហាត់ជិត ២ឆ្នាំ

11-09-2025 10:08

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិយុវជនកម្ពុជា មិនអាចបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាចុងខែតុលា ឆ្នាំ២០២៥ ឡើយ ក្រោមមូលហេតុកម្ពុជាមិនបានជាប់វគ្គជម្រុះ(Qualifier)។ ការណ៍នេះ បានធ្វើឲ្យមន្ដ្រីសហព័ន្ធ ពិសេសកីឡាករផ្ទាល់ មានការសោកស្ដាយ ក៏ដូចជាខកចិត្តជាខ្លាំង ដ្បិតការខំប្រឹងហ្វឹកហាត់ជិត ២ឆ្នាំ ត្រូវអាសារបង់បែបនេះ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា ការចុះឈ្មោះចូលរួមប្រកួតកីឡាយុវជនអាស៊ីនេះ គឺចុះតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយសហព័ន្ធក៏បានបំពេញតាមលក្ខខណ្ឌចង់បានរបស់គណៈកម្មការរៀបចំ តែចុងក្រោយគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាយុវជនប្រចាំទ្វីបនេះ បានឆ្លើយថា កម្ពុជាអត់ Qualifier មិនអាចចូលរួមបាន។

សហព័ន្ធទើបទទួលបានព័ត៌មាននេះ ប្រមាណ ២សប្ដាហ៍មុន ដែលធ្វើឲ្យរូបលោកមានការសោកស្ដាយ អមជាមួយការងឿងឆ្ងល់ ហេតុអ្វីកីឡាបាល់ទះនេះ ពិបាកស្វែងយល់ម្ល៉េះ។ លោកថា «ចំពោះកីឡាមួយនេះ ខ្ញុំពិបាករកច្បាប់មួយឲ្យជាក់លាក់ថា ធ្វើម៉េចបានចូលលេង? ពេលជូនដំណឹងថា យើងសុទ្ធតែមានលទ្ធភាពដាក់ពាក្យរៀងៗខ្លួន តែចុងក្រោយជាការសម្រេចរបស់គណៈកម្មការវិញ ។ ដល់អ៊ីចឹងពិបាក មិនដឹងថាយកអ្វីជាគោល»។

ក្នុងនាមសហព័ន្ធ លោកមិនតូចិត្តអ្វីទេ តែលោកសោកស្ដាយជំនួសកីឡាករយុវជនកម្ពុជា ដែលបានលះបង់ និងខំប្រឹងហ្វឹកហាត់ជិត ២ឆ្នាំកន្លងមក ជាមួយការចំណាយធនធានដ៏ច្រើនរបស់សហព័ន្ធ ត្រូវបានអាសារបង់ ដ្បិតមិនបានចូលរួមការប្រកួតទៅវិញ ។ យ៉ាងណាសហព័ន្ធនឹងរកវិធី ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានលេង និងពង្រឹងសមត្ថភាព តាមរយៈព្រឹត្តិការណ៍ធំៗក្នុងស្រុក នាពេលខាងមុខ ដូចជាការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និងព្រឹត្តិការណ៍តេជោលីគ ជាដើម។

លោកបន្ដថា «យើងមិនទោមនស្សទេ ចំពោះការមិនបានចូលលេង ។ វាជាការសម្រេចរបស់គណៈកម្មការរៀបចំទេ ព្រោះអ្វីៗទាំងអស់ ទៅតាមច្រកគណៈកម្មាធិការជាតិអូឡាំពិក។ ទន្ទឹមនឹងនោះ យុវជនរបស់យើង ជឿជាក់ថា ពួកគាត់អាចនឹងអារម្មណ៍ខកចិត្តបន្ដិច ដោយសារយើងបិទខ្ទប់ជិត ២ឆ្នាំ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ តាំងពីពួកគាត់អត់ចេះអ្វីសោះ រហូតដល់គាត់អាចលេងបាល់បាន»។

«ប៉ុន្ដែយើងនឹងបន្ដលើកទឹកចិត្តពួកគាត់ ពិសេសនៅឆ្នាំថ្មីខាងមុខ ពាក់ព័ន្ធនឹងពានសម្ដេចក្រឡាហោ ស ខេង និងព្រឹត្តិការណ៍ តេជោលីគ យើងនឹងបន្ថែម ១ក្រុមទៀត គឺយុវជនរបស់យើង ។ យើងនឹងផ្ដល់កៅអីឲ្យយុវជន ដើម្បីលេងពានសម្ដេចក្រឡាហោម ទោះបីឈ្នះ ឬចាញ់បែបម៉េច ក៏គាត់នឹងមាន ១កៅអី សម្រាប់ទៅលេងពានតេជោលីគ ដើម្បីឲ្យគាត់មានបទពិសោធន៍ជាមួយការប្រកួតធំៗ និងក្រុមខ្លាំងៗ ។ នេះគឺជាទិសដៅរបស់សហព័ន្ធ ធ្វើម៉េចជំរុញពួកគាត់ ក្នុងនាមកីឡាករបន្ដវេនក្នុងពេលឆាប់ៗនេះ»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។

គួរដឹងថា វិញ្ញាសាបាល់ទះអាយុក្រោម ១៨ឆ្នាំ នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ បានចាប់ឆ្នោតបែងចែកពូលរួចរាល់ កាលពីដើមសប្ដាហ៍កន្លងទៅ ដោយផ្នែកបុរស មាន ១២ក្រុមចូលរួម និងបែងចែកជា ៤ពូល ក្នុងនោះពូលA មានក្រុមម្ចាស់ផ្ទះបារ៉ែន ប៉ាគីស្ថាន ម៉ុងហ្គោលី, ពូល B មានក្រុមអ៊ីរ៉ង់ ចិន កាតា, ពូល C មានក្រុម កាហ្សាស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងពូល D មានក្រុមឆាយនីសតៃប៉ិ ថៃ និងឥណ្ឌូណេស៊ី។

ជាមួយព្រឹត្តិការណ៍កីឡាកម្រិតយុវជនប្រចាំទ្វីបនេះដែរ កម្ពុជាក៏បានត្រៀមអត្តពលិកជាង ១០ប្រភេទកីឡាចូលរួមផងដែរ ហើយក្រៅពីចូលរួមប្រកួតប្រជែងមេដាយជូនជាតិ កម្ពុជាក៏បានត្រៀមប្រតិភូពិសេស ព្រមទាំងក្រុមសិល្បៈ និងក្បាច់គុនល្បុក្កតោ សម្រាប់ធ្វើការសម្ដែងអបអរសាទរពិធីទទួលទង់បន្ដវេនធ្វើម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា បន្ទាប់ពីបារ៉ែន ផងដែរ៕