ផ្លូវការ! Onana អ្នកចាំទីដៃទី១ របស់ Man Utd បំពេញការផ្ទេរទៅកាន់ក្លឹបតួកគី Trabzonspor

12-09-2025 09:49

(មេនឆេស្ទើ)៖ ក្លឹបបាល់ទាត់ Manchester United បានព្រមព្រៀង ក្នុងការបញ្ជូនកីឡាករចាំដៃទី១ របស់ពួកគេទៅលេងខ្ចីជើងក្នុងក្លឹប Trabzonspor នៃលីគកំពូលតួកគី Super Lig រហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិកាមេរូន វ័យ ២៩ឆ្នាំរូបនេះ គឺជាផ្នែកមួយរបស់បិសាចក្រហម ដែលបានរួមចំណែកជួយ Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ ក្នុងលីគ Premier League រដូវកាលមុន ក្នុងនាមកីឡាករដែលត្រូវបានទិញពី Inter Milan ពីក្របខណ្ឌ Serie A។

ការផ្ទេរផ្លូវការនេះបានកើតមានឡើង នៅចំថ្ងៃបិទទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារវិញនារាត្រីថ្ងៃសុក្រនៅក្នុងប្រទេសតួកគី ស្របពេល Onana ពុំទាន់ត្រូវបានអ្នកចាត់ការទូទៅ Ruben Amorim ដាក់ឱ្យលេងប្រកួតណាមួយឡើយ ដ្បិត Premier League ដំណើរការបាន ៣ប្រកួតមកនេះ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងត្រូវដឹកនាំកូនក្រុមទៅកីឡដ្ឋាន Etihad ដើម្បីតតាំងនឹងម្ចាស់ផ្ទះ Manchester City ក្នុងជំនួប Derby នៃសប្តាហ៍ទី៤ ក្នុងលីគនារាត្រីថ្ងៃអាទិត្យខានស្អែកនេះ ដែលលោក Amorim មានកីឡាករចាំទី Lammens, Altay Bayindir និង Tom Heaton ស្ថិតក្នុងជម្រើសហើយនោះ៕