វៀតណាមកំពុងស៊ើបអង្កេតការវាយប្រហារតាមអ៊ីនធឺណិតលើទិន្នន័យឥណទានរបស់ខ្លួន
12-09-2025 12:14
(បរទេស)៖ អាជ្ញាធរសន្តិសុខតាមអ៊ីនធឺណិតរបស់វៀតណាម កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំមួយទៅលើ មជ្ឈមណ្ឌលព័ត៌មានឥណទានជាតិ (CIC) ដែលជាអង្គភាពគ្រប់គ្រងទិន្នន័យឥណទានរបស់ម្ចាស់បំណុល។ ការវាយប្រហារនេះបានបណ្តាលឱ្យមានការលួចយកទិន្នន័យរសើបជាច្រើនដូចជា ព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យកាតឥណទាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមការស៊ើបអង្កេតបឋម គេសង្ស័យថាការលួចទិន្នន័យនេះ ត្រូវបានធ្វើឡើងដោយក្រុម Hacker អន្តរជាតិមួយឈ្មោះ Shiny Hunters ដែលជាក្រុមល្បីឈ្មោះវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Microsoft ជាដើម។
ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់វៀតណាមបានបញ្ជាក់ថា៖ «ការស៊ើបអង្កេតបឋមបានបង្ហាញពីសញ្ញានៃការចូលប្រើដោយគ្មានការអនុញ្ញាតក្នុងគោលបំណងលួចទិន្នន័យផ្ទាល់ខ្លួន ហើយវិសាលភាពនៃការលួចទិន្នន័យនេះកំពុងស្ថិតក្នុងការវាយតម្លៃនៅឡើយ»។ ថ្វីត្បិតតែមជ្ឈមណ្ឌល CIC បានអះអាងថា «ឧប្បត្តិហេតុនេះមិនបានរំខានដល់ប្រតិបត្តិការ ឬបង្កការខូចខាតណាមួយឡើយ ហើយប្រព័ន្ធសេវាកម្មព័ត៌មានឥណទាននៅតែដំណើរការយ៉ាងពេញលេញ» ក៏ដោយ ក៏អាជ្ញាធរមិនបានបង្ហាញថា តើគណនីប៉ុន្មានដែលរងផលប៉ះពាល់នោះទេ។
គួរជម្រាបថា ឧប្បត្តិហេតុនេះកើតឡើងចំពេលដែលការលេចធ្លាយទិន្នន័យនៅប្រទេសវៀតណាមកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ តាមរបាយការណ៍របស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel ក្នុងឆ្នាំ ២០២៤ គណនីប្រមាណ ១៤,៥ លាន ត្រូវបានលេចធ្លាយ ដែលស្មើនឹង ១២% នៃចំនួនសរុបទូទាំងពិភពលោក៕