OpenAI គ្រោងចែកប្រាក់ចំណូលត្រឹមតែ 8% ទៅដៃគូពាណិជ្ជកម្ម ខណៈបច្ចុប្បន្ន20%

13-09-2025 11:35

(បរទេស)៖​ ក្រុមហ៊ុន OpenAI ត្រូវបានរាយការណ៍ថា កំពុងរៀបចំកាត់បន្ថយភាគរយប្រាក់ចំណូលដែលចែករំលែកជាមួយដៃគូពាណិជ្ជកម្ម ពិសេស Microsoft។ តាមកិច្ចព្រមព្រៀងបច្ចុប្បន្ន ភាគរយនោះស្ថិតនៅប្រហែល 20% ប៉ុន្តែតាមការព្យាករណ៍ នឹងត្រូវបានកាត់បន្ថយមកត្រឹមតែប្រហែល 8% នៅចុងទសវត្សរ៍នេះ។

ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ OpenAI អាចរក្សាទុកប្រាក់ចំណូលបានច្រើនជាង ៥០ពាន់លានដុល្លារ បើប្រៀបធៀបនឹងលក្ខខណ្ឌបច្ចុប្បន្ន។ ការប្រែប្រួលនេះត្រូវបានគេសន្មត់ថា មានទំនាក់ទំនងជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ និងការផ្លាស់ប្តូរគោលនយោបាយរបស់ក្រុមហ៊ុន។

អ្នកវិភាគបានបញ្ជាក់ថា ការកាត់បន្ថយភាគរយនេះ អាចជួយឱ្យ OpenAI មានធនធានហិរញ្ញវត្ថុច្រើនសម្រាប់ការវិនិយោគលើការអភិវឌ្ឍម៉ូឌែល AI ថ្មីៗ ការសាងសង់បរិក្ខារសេវាកម្ម និងការពង្រីកទីផ្សារ។ ទោះយ៉ាងណា វានៅមិនច្បាស់ថា ការកែប្រែនេះនឹងមានឥទ្ធិពលដូចម្តេចលើកិច្ចព្រមព្រៀងបច្ចុប្បន្នជាមួយ Microsoft ដែលផ្តល់សេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងកុំព្យូទ័រមេ cloud។

អ្នកវិភាគក៏បានបន្ថែមថា ការធ្លាក់ចុះពី 20% មក 8% អាចនឹងបើកផ្លូវឱ្យមានការចរចាថ្មីៗរវាង OpenAI និងដៃគូរបស់ខ្លួន ខណៈក្រុមហ៊ុននេះកំពុងពង្រឹងឯករាជ្យភាព និងសមត្ថភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន៕