សាលាអន្តរជាតិ ជីងម៉ីហ័រ រៀបចំពិធីបិទឆ្នាំសិក្សា ២០២៤-២០២៥ និងប្រគល់ប័ណ្ណសរសើរ ជូនដល់សិស្សានុសិស្ស
13-09-2025 14:09
(ភ្នំពេញ)៖ សាលាអន្តរជាតិ ជីងម៉ីហ័រ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបិទឆ្នាំសិក្សា ២០២៤-២០២៥ និងប្រគល់ប័ណ្ណសរសើរ ជូនដល់សិស្សានុសិស្ស ក្រោមអធិបតីភាពលោក សាន់ រ៉ាមូ អគ្គនាយកសាលាអន្ដរជាតិ ជីងម៉ីហ័រ។

ពិធីបិទឆ្នាំសិក្សា ២០២៤-២០២៥នេះ មានការអញ្ជើញចូលរួម ពីគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាអន្តរជាតិ ជីងម៉ីហ័រ ព្រមទាំង លោក-លោកស្រី ជាមាតាបិតា អាណាព្យាបាលសិស្សជាច្រើនរូបទៀត។
លោក សាន់ រ៉ាមូ បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានមកជួបជុំបុគ្គលិក លោកគ្រូ អ្នកគ្រូ គ្រប់ផ្នែកទាំងអស់ នៃសាលាអន្តរជាតិ ជីងម៉ីហ័រ នាឱកាសនៃពិធីបិទឆ្នាំសិក្សា២០២៤-២០២៥»។
បើតាមលោក សាន់ រ៉ាមូ, សាលាអន្តរជាតិ ជីងម៉ីហ័រ បច្ចុប្បន្នសាលាកំពុងដំណើរការ ថ្នាក់ចំណេះទូទៅ ៣ភាសា ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដោយប្រើប្រាស់កម្មវិធី ស្របតាមក្រសួងអប់រំ យុវជន និងកីឡា និងចំណេះទូទៅភាសាអង់គ្លេស ចិន តាមស្តង់ដាកម្មវិធីអន្តរជាតិ។
លោកបានលើកឡើងថា ពិធីនេះ ធ្វើឡើងដើម្បីជាការថ្លែងអំណរគុណ ដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានផ្តល់នូវការសហការ និងការគាំទ្រ ដល់សាលាអន្តរជាតិ ជីងម៉ីហ័រ ក៏ដូចជាការលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រទ្វេឡើង ឈានឆ្ពោះទៅរកឧត្តមភាព នាពេលអនាគត។
លោក សាន់ រ៉ាមូ មានសេចក្តីសង្ឃឹមជឿជាក់ថា ក្រោយពិធីបិទឆ្នាំសិក្សា និងការកំសាន្តសប្បាយថ្ងៃនេះ បុគ្គលិក លោកគ្រូ អ្នកគ្រូ ទាំងអស់ ពិតជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដ៏មានតំលៃរបស់ខ្លួន ដើម្បីផ្តល់នូវពុទ្ធិពិតប្រាកដ ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស។
ទន្ទឹមគ្នានេះ អគ្គនាយកសាលាអន្ដរជាតិ ជីងម៉ីហ័រ ក៏សូមផ្តាំផ្ញើឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រឲ្យខ្លាំងក្លាបំផុត ដើម្បីក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ នាពេលអនាគត៕