Apple បាត់បង់មន្រ្តីជាន់ខ្ពស់ផ្នែក AI ម្នាក់ទៀត ស្របពេលកំពុងរងការរិះគន់ពីការអភិវឌ្ឍយឺតយ៉ាវ

14-09-2025 10:05

(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុន Apple បានបាត់បង់មន្រ្តីជាន់ខ្ពស់ម្នាក់ទៀត គឺលោក Robby Walker ដែលជាអតីតនាយកប្រតិបត្តិផ្នែកបញ្ញាសិប្បនិម្មិត AI និង Search។ ការចាកចេញរបស់លោកកើតឡើងចំពេលដែល Apple ត្រូវបានគេរិះគន់ថា មានការអភិវឌ្ឍយឺតយ៉ាវផ្នែកបញ្ញាសិប្បនិម្មិត (AI) ខុសពីក្រុមហ៊ុនគូប្រជែងដូចជា Google និង Meta។ ​នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg News ដែលត្រូវបានចេញផ្សាយបន្តដោយ Reuters នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

លោក Walker បានចូលបម្រើការងារនៅ Apple តាំងពីឆ្នាំ ២០១៣ ហើយទើបតែទទួលបន្ទុកជាប្រធានក្រុម Answers, Information and Knowledge កាលពីខែមេសាកន្លងទៅ។ គួរឱ្យកត់សម្គាល់ផងដែរថា លោកធ្លាប់ទទួលបន្ទុកដឹកនាំក្រុម Siri មុននឹងមុខតំណែងនេះត្រូវបានផ្ទេរទៅឱ្យប្រធានផ្នែក Software របស់ Apple លោក Craig Federighi។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg News បានឱ្យដឹងថា ការចាកចេញរបស់លោក Walker គឺជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់ Apple បន្ទាប់ពីមានអ្នកជំនាញ AI ជាច្រើនរូបបានលាឈប់ទៅចូលរួមជាមួយក្រុមហ៊ុន Meta នាពេលកន្លងមក។ ក្នុងនោះមានដូចជាលោក Ruoming Pang ដែលជាអ្នកជំនាញផ្នែក AI Models ព្រមទាំងសហការីពីរនាក់ទៀតគឺលោក Mark Lee និងលោក Tom Gunter ដែលសុទ្ធសឹងតែបានចូលរួមជាមួយក្រុម Superintelligence Labs របស់ក្រុមហ៊ុន Meta។

បច្ចុប្បន្ន Apple កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីការដាក់បង្ហាញមុខងារ AI ថ្មីៗមានភាពយឺតយ៉ាវ ខណៈដែលក្រុមហ៊ុនគូប្រជែងកំពុងបង្ហាញសមត្ថភាព AI ដ៏គួរឱ្យភ្ញាក់ផ្អើល។ នៅក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលចុងក្រោយរបស់ខ្លួន Apple ក៏មិនបានបង្ហាញពីផែនការច្បាស់លាស់ក្នុងការតាមឱ្យទាន់សមត្ថភាព AI របស់ Google ដែលបានដាក់បញ្ចូល Gemini AI ទៅក្នុងទូរស័ព្ទរបស់ខ្លួននោះទេ។

គួរជម្រាបថា Apple មិនបានធ្វើការអត្ថាធិប្បាយណាមួយអំពីបញ្ហានេះនៅឡើយទេ។ ការចាកចេញរបស់អ្នកជំនាញសំខាន់ៗអាចនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍ AI របស់ Apple នាពេលអនាគត៕