ក្រុមហ៊ុន អាតូមីកម្ពុជា ដឹកនាំសមាជិកចូលរួមសម្អាតបរិស្ថាន ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព និងគុណភាពបរិស្ថានរបស់កម្ពុជា លើកទី៥

14-09-2025 13:43

(ភ្នំពេញ)៖ ក្រុមហ៊ុន អាតូមីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិកចូលរួមសម្អាតបរិស្ថាន ដើម្បីការចូលរួមកាត់បន្ថយការប្រើប្រាស់ និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដីរបស់យើងគ្រប់គ្នា ដែលមានទីតាំងស្ថិតនៅ កោះនរា រាជធានីភ្នំពេញ។ ការសម្អាតបរិស្ថាននេះ ដោយមានការចូលរួមពី កងកម្លាំងខណ្ឌ ច្បារអំពៅ និងក្រុមសន្តិសុខប្រចាំការកោះនរា ជាពិសេសសមាជិកអាតូមីប្រមាណ៦០នាក់ផងដែរ។

ក្រុមហ៊ុន អាតូមីកម្ពុជា បានលើកឡើងថា ការចូលរួមសម្អាតបរិស្ថាន គឺផ្សារភ្ជាប់ជាមួយសកម្មភាពសម្អាតបរិស្ថាន និងការដើរធ្វើលំហាត់ប្រាណផងដែរ។ អាតូមីកម្ពុជា បានចូលរួមសម្អាតបរិស្ថាន ហើយការសម្អាតបរិស្ថាននេះ គឺជាលើកទី៥ ហើយដែលអាតូមី បានធ្វើការសម្អាតបរិស្ថានតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយសកម្មភាពនេះអាតូមីនៅតែបន្ត ដើម្បីចូលរួមធ្វើយ៉ាងណាអោយទីក្រុងស្អាត បរិស្ថានស្អាត។

អាតូមី បានបញ្ជាក់យ៉ាងដូច្នេះថា អេ-ផ្លូហ្គីង «A_Plogging» ជាសកម្មភាពមួយដែល អាតូមី បានរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដោយកន្លងមកបានធ្វើឡើងនៅតាមបណ្ដាខេត្តមួយចនួនដូចជា៖ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម តាកែវ និងខេត្តព្រះសីហនុ ហើយក្នុងឆ្នាំ២០២៥នេះ អេ-ផ្លូហ្គីង (A_Plogging) នឹងត្រូវធ្វើឡើងរៀងរាល់២ខែម្ដង ក្នុងរាជធានីភ្នំពេញក្រោមពាក្យស្លោក «បរិស្ថានស្អាត ទីក្រុងស្អាត សុខភាពល្អ»។ ហើយអេ-ផ្លូហ្គីង(A_Plogging) ជាសកម្មភាពដែលយកលំនាំតាម ផ្លូហ្គីង(Plogging) ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសស៊ុយអ៊ែត កាលពីឆ្នាំ២០១៦ គឺជាសកម្មភាពដើរហាត់ប្រាណបណ្ដើរ រើសសំរាមបណ្ដើរនៅតាមដងផ្លូវ។

នាឱកាសនេះដែរ លោកស្រី កែវ ម៉ាឡា ដែលជាសមាជិកថ្នាក់ដឹកនាំក្រុមហ៊ុន អាតូមី ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង នៅពេលដែលបានចូលរួមសម្អាតបរិស្ថាន ជួយកាត់បន្ថយថង់ប្លាស្ទិក នឹងធ្វើឱ្យប្រទេសកម្ពុជាមានខ្យល់បរិសុទ្ធ ប្រជាពលរដ្ឋសុខភាពល្អ និងទីក្រុងស្អាត។

លោកស្រី បានបញ្ជាក់ថា ការបោះចោលសំរាមពាសវាលពាសកាល គឺជាទម្លាប់មិនល្អឡើយ ដ្បិតទង្វើនេះ នឹងធ្វើឱ្យតម្លៃបុគ្គលធ្លាក់ចុះ និងខូចសោភ័ណភាពទីក្រុង។ លោកស្រីបន្ដថា អនាម័យគឺជារឿងសំខាន់ ការវេចខ្ចប់សំរាមដាក់ឱ្យបានត្រឹមត្រូវជារឿងសំខាន់ទីមួយ គឺជួយទៅដល់ប្រទេសស្អាត សម្រាប់បរទេសដែលចូលមកឃើញ ប្រទេសកម្ពុជាមានការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវបរទេសក៏ចូលរួមផងដែរ។

ចំណែកឯ លោកស្រី ព្រំ ចាន់សេរី ដែលជាសមាជិកថ្នាក់ដឹកនាំក្រុមហ៊ុនអាតូមីដែរនោះ ក៏បានបន្ដថា ថ្ងៃនេះពិតជាមានមោទនភាពចំពោះសមាជិកអាតូមីទាំងអស់ នៅពេលដែលក្រុមហ៊ុនអាតូមី ក៏ដូចជាប្រជាជនកម្ពុជា តែងតែជួយគ្នាបន្តិចម្នាក់ ដើម្បីឱ្យទីក្រុងស្អាត ប្រទេសកម្ពុជាស្អាត និងសុខភាពប្រជាជនល្អទាំងអស់គ្នា។

លោកស្រីបានបន្ដទៀតថា សំរាម គឺជាសារធាតុមួយពុល ធ្វើឱ្យប៉ះពាល់ដល់សុខភាព កាលណាដែលមានបរិស្ថានស្អាត ទីក្រុងស្អាត និងមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅប្រទេសកម្ពុជាកាន់តែជាច្រើន។

ជាមួយគ្នានេះដែរលោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវជួយសម្អាតបរិស្ថានបន្តិចម្នាក់ ហើយទីក្រុងកាន់តែមានភាពស្រស់ស្អាត បរិស្ថានល្អ ខ្យល់បរិសុទ្ធ សុខភាពល្អ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរណ៍មកលេងប្រទេសកម្ពុជាជាច្រើន។ ពីព្រោះបរិស្ថានមានសារធាតុពុលជាច្រើនមិនដឹងថា មានសារធាតុអ្វីខ្លះដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក៏ដូចជាផែនដីផងដែរ។

សូមបញ្ជាក់ដែរថា អាតូមី ជាក្រុមហ៊ុនចែកចាយទំនិញដែលអនុវត្តគោលការណ៍ផ្ដោតលើនិរន្តរភាពគឺ ការគ្រប់គ្រងដោយយកចិត្តទុកដាក់លើ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG «Environment, Social, Governance») ដូចនេះការចូលរួមការពារ និងសម្អាតបរិស្ថាន គឺជាកាតព្វកិច្ចមួយដែលអាតូមីតែងតែចូលរួមអនុវត្តជាប្រចាំ៕