ជ័យជម្នះររបស់ Man City ធ្វើឱ្យ Man Utd ស្ថិតនៅក្រៅតំបន់កាត់ចេញពី Premier League ត្រឹម ១ពិន្ទុប៉ុណ្ណោះ
15-09-2025 09:58
(មេនឆេស្ទើ)៖ Manchester City បានបំបាក់ក្រុមស្ថិតនៅទីក្រុង Manchester ជាមួយគ្នាគឺ Manchester United ដោយលទ្ធផល ៣ទល់នឹង០ ដាច់តែម្តងកាលពីរាត្រីថ្ងៃអាទិត្យ និងបានទម្លាក់ក្រុមរបស់លោក Ruben Amorim ទៅឈរនៅក្រៅតំបន់កាត់ចោលត្រឹមតែ ១ពិន្ទុប៉ុណ្ណោះនៅ Premier League 2025-26។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាការបរាជ័យលើកទី២ ក្នុងលីគ ក្រោយឆ្លងកាត់បាន ៤ប្រកួត តាមរយៈឈ្នះ១ និងស្មើ១ មាន ៤ពិន្ទុបណ្តោះអាសន្ន ឈរនៅលេខរៀងទី១៤ នាំមុខ West Ham United តែ ១ពិន្ទុដែលស្ថិតក្នុងតំបន់កាត់ចេញពីលីគអង់គ្លេស។
ក្នុងជំនួប Derby សម្រាប់ជើងទី១ នៅកីឡដ្ឋាន Etihad របស់មេឃខៀវ ខ្សែបម្រើ Phil Foden ជាអ្នករកបបានគ្រាប់ទី១ នៅនាទី១៨ និងគ្រាប់ទី៧ របស់កីឡាករអង់គ្លេសរូបនេះដែរទល់នឹង Man Utd នៅមុនពេលមិត្តរួមក្រុម Erling Haaland បន្ថែម ២គ្រាប់ម្នាក់ឯង សម្រាប់រយៈពេល ៤៥នាទីដែលនៅសល់។
ខ្សែបម្រើកំពូលល្បឿន Jeremy Doku បានរួមចំណែកបញ្ជូនបាល់បាន ២គ្រាប់ដំបូង ជាមួយគ្រាប់បើកឆាកឱ្យ Foden តែតបញ្ចូលដោយស្រួលត្រឹមចាប់ផ្តើមលេងបាន ១៨នាទី នៅមុនពេលបញ្ជូនបាល់ឱ្យ Haaland សម្រេចទីគ្រាប់ទី២ ទៀតនៅនាទី៥៣។
នេះជា ៣ពិន្ទុលើកទី២ របស់ City ក្រៅពីចាញ់ ២លើកផងដែរ មិនដែលស្មើ រកបាន ៦ពិន្ទុ ឡើងទៅឈរនៅលេខរៀងទី៨ បណ្តោះអាសន្ន ក្នុងនាមក្រុមបញ្ចប់ក្នុងតំណែងលេខ៣ ក្នុងលីគនារដូវកាលមុន៕