វគ្គបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ នៅខេត្តកំពង់ឆ្នាំង ទទួលបានផ្លែផ្កាកាន់តែប្រសើរ

15-09-2025 10:15

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ដោយជោគជ័យ ជាមួយផ្លែផ្កាកាន់តែល្អប្រសើរ ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែកញ្ញាកន្លងទៅ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា វគ្គនេះរៀបចំឡើងស្របតាមផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំរបស់សហព័ន្ធ និងក្រសួងអប់រំ ដើម្បីជំរុញ និងពន្លឿនការអភិវឌ្ឍកីឡាជំនាញ តាមសហព័ន្ធកីឡាជាតិ ជាក់ស្ដែងឆ្នាំនេះ សហព័ន្ធប្រើប្រាស់កញ្ចប់ថវិកាបណ្ដុះបណ្ដាលធនធានមនុស្ស លើការបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ ដោយផ្ដោតលើ Academy Level I, National Development Youth MAG, Training Camp and Talent Identification បូកជាមួយការកំណត់អត្តសញ្ញាណទេពកោសល្យកីឡាវ័យក្មេង និងការបោះជំរំផងដែរ។

លោកបន្ដថា «វគ្គបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំ២០២៥ សហព័ន្ធរបស់យើង បានផ្អែកទៅតាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ជាពិសេសដោយទទួលបាននូវសេចក្ដីណែនាំ និងការយកចិត្តទុកដាក់បំផុតពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជំរុញយ៉ាងណាធ្វើឲ្យគ្រូជំនាញ និងមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកាន់តែមានការវិឌ្ឍន៍ជំនាញមួយនេះយ៉ាងពិតប្រាកដ»

សហព័ន្ធតែងរៀបចំវគ្គនេះរៀងរាល់ឆ្នាំ តែពុំធ្លាប់មានការចូលរួមពីកីឡាករ-កីឡាការិនីច្រើនបែបនេះឡើយ ។ ឆ្នាំនេះ ក្រៅពីមានសិក្ខាកាមជាគ្រូបង្វឹកចំនួន ២២នាក់ (ស្ដ្រី ៨នាក់)ចូលរួម ក៏មានកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ២៥នាក់ បានចូលរួមបោះជំរំក្នុងវគ្គនេះ បន្ទាប់ពីសហព័ន្ធបានពិនិត្យលទ្ធភាព ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានចូលរួម ជាមួយការផ្ដល់ជូនឲ្យសិក្ខាកាមបានសិក្សា ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមមតិយោបល់ ក៏ដូចជាការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកក្នុងវគ្គនេះ។

លោកបន្ដថា «ជាទូទៅសហព័ន្ធតែងតែចង់បានការបោះជំរំជាញឹកញាប់ ព្រោះការបោះជំរំអាចធ្វើឲ្យកីឡាករ-កីឡាការិនីទាំងអស់ មានការវិវឌ្ឍន៍ផ្នែកបច្ចេកទេស ដោយសារយើងផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍គ្នា រវាងគ្រូក្លិបនីមួយៗ ដើម្បីអាចជួយជំរុញដល់ការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីកាន់តែល្អប្រសើរ និងឆាប់ចាប់បាន ជាក់ស្ដែងពេលខ្លះ កីឡាករ-កីឡាការិនីខ្វះខាតបច្ចេកទេសបន្ដិចបន្ដួច ដល់គ្រូផ្សេងមកអាចបំពេញចំណុចខ្វះខាតទាំងអស់នោះបាន ។ នេះគឺចំណុចល្អវិឌ្ឍមាន ដែលថ្នាក់ដឹកនាំសហព័ន្ធចង់បាន ហើយតែងជំរុញការរៀបចំវគ្គនេះឡើង»។

សូមបញ្ជាក់ថា ឆ្លងកាត់ការសិក្សារយៈពេល ៥ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ ឆ្នាំ២០២៥ ខាងលើ ជាលទ្ធផលគឺមានសិក្ខាកាមទទួលបានលទ្ធផលល្អចំនួន ៦៣% ល្អបង្គួរចំនួន ១៨% និងមមធ្យម ១៨%។ ក្នុងនាមគ្រូឧទ្ទេស និងក្នុងនាមសហព័ន្ធ លោក ណយ ផាណា បានសម្ដែងក្ដីរីករាយ ដែលវគ្គនេះ បានបញ្ចប់ដោយរលូន ក្រោមភាពស្និទ្ធស្នាល ហើយលោកក៏បានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការជំរុញឲ្យដំណើរការវគ្គនេះបញ្ចប់ដោយជោគជ័យផងដែរ៕