ការប្រណាំងកង់ជុំផ្តាច់ព្រ័ត្រ Vuelta ត្រូវបានលុបចោល ដោយសារផ្ទុះបាតុកម្មនៅទីក្រុង Madrid

15-09-2025 10:27

(ម៉ាឌ្រីដ)៖ កម្មវិធីប្រណាំងកង់ Vuelta Espana ជុំផ្តាច់ព្រ័ត្រឆ្នាំ២០២៥ ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីក្រុមបាតុករប៉ាឡេស្ទីនបានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ ស្ថិតក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមបាតុករបានចេញតវ៉ា និងបិទផ្លូវជាច្រើនកន្លែងផងដែរ ដោយក្នុងនោះមានផ្លូវ Gran Via ជាទីតាំងដែលក្រុមកីឡាករប្រណាំងកង់ត្រូវឆ្លងកាត់ទៀតផង។

ជាមួយគ្នានោះដែរ អេស្ប៉ាញបានដាក់ពង្រាយក្រុមប៉ូលីសប្រមាណជាង ១,០០០នាក់ នៅតាមដងផ្លូវនៃរដ្ឋធានី Madrid ដើម្បីទប់ស្កាត់ទៅនឹងបាតុកម្មអហឹង្សានេះ ដែលអាចឈានផ្ទុះហឹង្សាជាយថាហេតុ ដ្បិតកម្មវិធីប្រណាំងកង់ប្រចាំឆ្នាំរបស់អេស្ប៉ាញខាងលើ នៅសល់រយៈចម្ងាយ ៦០គីឡូម៉ែត្រទៀតទើបបញ្ចប់ជាស្ថាពរ។

ទោះជាយ៉ាងណា កីឡាករដាណឺម៉ាក Jonas Vingegaard ត្រូវបានប្រកាសជាជើងឯកតែម្តង ក្នុងខណៈនាំមុខគេសម្រាប់ជុំផ្តាច់ព្រ័ត្រទី២១ ដែលជាអតីតជើងឯក ២សម័យកាលមកពីកម្មវិធី Tour de France របស់បារាំងផងនោះ៕