ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ចាត់ទុកពានឯកអគ្គរដ្ឋទូតកូរ៉េ ជាការរួមចំណែកផលិតធនធានថ្នាលតេក្វាន់ដូ ឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

15-09-2025 12:40

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានចាត់ទុកការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (Korean Ambassador’s Cup Teakwondo Competition) កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាការរួមចំណែកផលិតធនធានថ្នាលឆ្នើមៗ សម្រាប់បន្ដវេន ពិសេសត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ខាងមុខ។

ប្រធានសហព័ន្ធខាងលើ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលទទួលបានការឧបត្ថម្ភពីប្រទេសកូរ៉េនេះ ពិតជាបានផ្តល់ឱកាសដល់អត្តពលិកតេក្វាន់ដូមកពីបណ្តាក្លិបរាជធានី-ខេត្ត ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង អាចបញ្ចេញសមត្ថភាព ទេពកោសល្យ បច្ចេកទេស និងផ្សព្វផ្សាយក្បាច់គុនតេក្វាន់ដូ ដល់សាធារណៈជន ស្របពេលសហព័ន្ធបាននឹងកំពុងសម្រួចធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។

ដូច្នេះការប្រកួតឆ្នាំនេះ គឺជាឱកាសវាស់ស្ទង់ និងវាយតម្លៃកម្រិតបច្ចេកទេសបន្ថែម ដើម្បីស្វែងរកនូវទេពកោសល្យពិតប្រាកដរបស់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ។ តាមរយៈនេះ លោកឧបនាយករដ្ឋមន្ដ្រី បានជំរុញឲ្យកីឡាករ-កីឡាការិនីវ័យក្មេងទាំងអស់ បន្តខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកាន់ភ្ជាប់នូវវិន័យឲ្យបានល្អ ដើម្បីនាំយកនូវកិតិ្តយសជូនជាតិក្នុងនាមជាម្ចាស់ផ្ទះ នាពេលខាងមុខ ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏ជាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាចម្បង ដើម្បីមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េផងដែរ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៥ នេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ១៥០នាក់(ស្រី ១២៦នាក់) ដោយមានក្លិបចូលរួមសរុប ២២ក្លិប មកពីរាជធានី-ខេត្តចំនួន ០៤ ក្នុងនោះមាន៖ ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង និងខេត្តរតនគិរី ដែលធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន ៣៧ វិញ្ញាសា។ ការប្រកួតនេះ បានរៀបចំរៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន៕