ក្រុមហ៊ុន AI របស់ Elon Musk បញ្ឈប់បុគ្គលិករាប់រយនាក់ ដើម្បីពង្រឹងក្រុមអ្នកជំនាញ

15-09-2025 14:56

(បរទេស)៖ យោងតាមរបាយការណ៍របស់សារព័ត៌មាន Business Insider ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុន xAI របស់លោក Elon Musk បានបញ្ឈប់បុគ្គលិកផ្នែកបំប៉នទិន្នន័យ (data annotators) ចំនួនប្រមាណ ៥០០ នាក់។ ក្រុមនេះមានតួនាទីបង្រៀនប្រព័ន្ធ AI របស់ក្រុមហ៊ុន Grok ឱ្យយល់ដឹងពីព័ត៌មាន និងពិភពលោក។

ការសម្រេចចិត្តនេះ គឺដើម្បីផ្តោតលើការជ្រើសរើសបុគ្គលិកដែលមានជំនាញខ្ពស់ក្នុងផ្នែក AI ជំនួសវិញ។ ក្រុមហ៊ុន xAI បានប្រកាសលើបណ្ដាញសង្គម X ថាខ្លួនមានផែនការបង្កើនក្រុមអ្នកបំប៉ន AI ឯកទេសរបស់ខ្លួនឱ្យបានដល់ទៅ ១០ ដងឯណោះ។

គួររំលឹកផងដែរថា លោក Musk បានបង្កើតក្រុមហ៊ុន xAI កាលពីឆ្នាំ ២០២៣ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយសារលោកយល់ថាពួកគេមានការត្រួតពិនិត្យខ្លាំងពេកលើប្រព័ន្ធ AI៕