ក្រុមហ៊ុន ឌឺ ផ្លរ៉ា គ្រុប ចាប់ដៃគូជាមួយ ធនាគារចិន ផ្តល់អត្ថប្រយោជន៍ ជូនអតិថិជន

15-09-2025 18:14

(ភ្នំពេញ)៖ ក្រុមហ៊ុន ឌឺ ផ្លរ៉ា គ្រុប (THE FLORA Group) ចាប់ដៃគូជាមួយ ធនាគារចិន Bank of China (Hong Kong) Limited Phnom Penh Branch ដើម្បីផ្តល់អត្ថប្រយោជន៍ ជូនអតិថិជន។

ការជ្រើសរើស និងឈានដល់ការចាប់ដៃគូរ សហការរវាងស្ថាប័នទាំងពីរខាងលើ ត្រូវបានប្រកាសជាសាធារណៈ និងយ៉ាងឱឡារិក នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ ដែលបានធ្វើឡើងនាថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧកញ៉ា លីម កុកឡុង អគ្គនាយកក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប និងលោក Yeung Kin Man អគ្គនាយករងធនាគារចិន ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គលិក The Flora Group និង ធនាគារចិន Bank of China (Hong Kong) Limited Phnom Penh Branch និងអ្នកសារព័ត៌មាន ជាច្រើនទៀត។

លោក ឧកញ៉ា លីម កុកឡុង បានឡើងថ្លែងសុន្ទរកថា ដោយបង្ហាញក្តីសោមនស្សរីករាយ និងមានការពេញចិត្តជាខ្លាំង ដែលបានចូលរួម ក្នុងការចុះហត្ថលេខាលើ អនុស្សរណៈ នាវេលានេះ។

ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានរំលឹកនិងរំលេចអំពីប្រវត្តិសាវតាក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប ដោយថ្លែងថា ក្រុមហ៊ុនបានចាប់ផ្តើមដំបូង ក្រោមស្លាកយីហោ ឌឹ ផ្លរ៉ា (THE FLORA) នៅចុងឆ្នាំ២០១៥ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល១០ឆ្នាំមកហើយ។

លោកឧកញ៉ា បានបញ្ជាក់ថា «យើងបានចាប់ផ្តើមគម្រោងសាងសង់ផ្ទះក្នុងបុរី ឌឹ ផ្លរ៉ា ដោយផ្តើមចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដែលបច្ចុប្បន្នមានផ្ទះជាង២០០០ខ្នង សាងសង់ នៅលើទំហំដីប្រមាណ២០០ហិចតា។ យើងក៏បានបោះជំហានទៅមុខ មួយកម្រិតទៀត ដោយចាប់ផ្តើមសាងសង អាគារខុនដូ The FLORA Suites ក្នុងឆ្នាំ២០២០ និងបន្តបើកការសាងសង់សណ្ឋាគារ Mercure Hotel លំដាប់ផ្កាយ៤ ក្នុងឆ្នាំ២០២៤។ ពិសេសទៀតនោះ គឺនៅដើមឆ្នាំ២០២៥ កន្លងទៅនេះ យើងបាននាំចូលនិងលក់រថយន្តអគ្គិសនី (EV) ដ៏ធំនិងឈានមុខគេនៃក្រុមហ៊ុន BYD ដែលមានឈ្មោះថា BYD KHIEV Auto មានទីតាំងក្នុងរាជធានីភ្នំពេញ នាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម ដ៏រស់រវើក»។

អំពីក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប បើតាមលោក ឧកញ៉ា លីម កុកឡុង គឺផ្តោតលើកត្តាធំ ៤សំខាន់ៗ រួមមាន៖

*ទី១. គុណភាព និងប្រណិតភាពនៃការរស់នៅជាសហគមន៍ ដែលបង្កើត Borey The Flora

*ទី២៖ ការរស់នៅទាន់សម័យ និងរចនាម៉ូតបែបទំនើប ដែលជាខុនដូ The Flora Suites

*ទី៣. សណ្ឋាគារលំដាប់ផ្កាយ ដែលផ្តល់នូវសេវាកម្ម និងបដិសណ្ឋារកិច្ចខ្ពស់ គឺ Mercure Hotel

*ទី៤. រថយន្តអគ្គិសនី ដែលមានគុណភាព បច្ចេកវិទ្យាទំនើប និងសន្សំសំចៃគឺជា BYD KHIEV Auto។

ដោយឡែក ថ្ងៃនេះផងដែរ ការចាប់ដៃគូរវាងក្រុមហ៊ុន ឌឹ ផ្លរ៉ាគ្រុប និងធនាគារចិន គឺជាការយកចិត្តទុកដាក់ និងបោះជំហានថ្មីមួយជំហានទៀត ជូនដល់អតិថិជននៃក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប និង ធនាគារចិន។ លោកឧកញ៉ា លីម កុកឡុង បន្ថែម។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប បានជ្រើសរើស ធនាគារចិន ជាដៃគូសហការ គឺដោយសារ ធនាគា ចិន ជាធនាគារធំមួយ លំដាប់ពិភពលោក ដែលមានផ្តល់នូវឥណទាន ប្រាក់កម្ចី ដែលមានការប្រាក់ទាប សេវាកម្មល្អ ជាមួយភាពជាដៃគូ និងកិច្ចសហការអភិវឌ្ឍដ៏ល្អផងដែរ៕