តារាម៉ូដែលវ័យក្មេងកម្ពុជា ៣រូប ឈ្នះមកុដ ៣ផ្សេងគ្នា ពីកម្មវិធីអន្តរជាតិនៅឡាវ ក្នុងចំណោមបេក្ខភាព ១២០នាក់ មកពី២២ប្រទេស

15-09-2025 18:46

(ភ្នំពេញ)៖ ថ្មីៗនេះ សាលាបង្រៀនដើរម៉ូដ និងម៉ូដែល The RAMP Academy របស់គ្រូបង្វឹកជនជាតិហ្វីលីពីន លោក Mathew Tan (ម៉ាតសៀវ តាន់) បានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីអបអរសាទរភាពជោគជ័យ របស់តារាម៉ូដែលវ័យក្មេងកម្ពុជា ៣រូប គឺកុមារដូមីនិច , វ៉េណេសា និងអាសាន ដែលបានបញ្ចេញសមត្ថភាពដើរម៉ូដដ៏ពូកែ ប្រកបដោយភាពអង់អាចក្លាហាន ក្នុងការប្រកួតប្រជែងជាមួយម៉ូដែលវ័យក្មេងចំនួន១២០នាក់ មកពី២២ប្រទេសជុំវិញពិភពលោក។ អាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ដូមីនិច, វ៉េណេសា និង អាសាន ធ្វើឱ្យលោកគ្រូអ្នកគ្រូ ក្រុមគ្រួសារ និងញាតិមិត្តបងប្អូនមានមោទនភាពយ៉ាងខ្លាំង ខណៈដែលសាម៉ីខ្លួនទាំង៣ ក៏រំភើបហើយសប្បាយចិត្ត ចំពោះលទ្ធផលដែលទទួលបាននាពេលនេះ។

ពិតជាគួរឱ្យកោតសរសើរស្ងប់ស្ងែង និងមោទនភាពជាទីបំផុត គឺតារាម៉ូដែលវ័យក្មេងទាំង ៣រូប បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ដោយបានឈ្នះមកុដម្នាក់មួយពីកម្មវិធីអន្តរជាតិដ៏ធំសម្បើមនេះ សរុបទាំងអស់ ៣មកុដផ្សេងគ្នា។ ក្រោមការបង្ហាត់បង្ហាញ និងការតម្រង់ទិញពីសាលាបង្រៀនដើរម៉ូដ និងម៉ូដែល The RAMP Academy របស់គ្រូបង្វឹកជនជាតិហ្វីលីពីន លោក Mathew Tan (ម៉ាតសៀវ តាន់) តារាម៉ូដែលវ័យក្មេងកម្ពុជា ៣រូប (ប្រុស ១ ស្រី ២) បានឈ្នះមកុដ ៣ ផ្សេងគ្នាពីកម្មវិធីអន្តរជាតិ 2nd Edition BEAUTY POWER INTERNATIONAL FASHION WEEK 2025 ដែលប្រទេសឡាវជាម្ចាស់ផ្ទះរៀបចំការប្រកួត។

ក្នុងនោះ កូនកាត់ខ្មែរ-ឥណ្ឌូនេស៊ី កុមារី ដូមីនិច អូនលី អាយុ ៨ឆ្នាំ បានឈ្នះជយលាភី Mini Miss Beauty Power Tourism Model 2025, កូនកាត់ខ្មែរ-បារាំង កុមារី ហាមមើឡិត វ៉េណេសា អាយុ៨ឆ្នាំ បានឈ្នះជយលាភី Little Miss Beauty Power International Model 2025។ រីឯកូនកាត់ខ្មែរ-ប៉ាគីស្ថាន កុមារា អាសាន ចាវីឌ បានឈ្នះជយលាភី Little Mister Beauty Power International Model 2025។ ដើម្បីអបអរការឈ្នះជយលាភីមកុដ ៣ផ្សេងគ្នា ពីកម្មវិធី 2nd Edition BEAUTY POWER INTERNATIONAL FASHION WEEK 2025 ក្រុមគ្រួសារម៉ូដែលវ័យក្មេងទាំង ៣រូប និងស្ថាបនិក The RAMP Academy បានរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំមួយ ជាការស្វាគមន៍ការត្រឡប់មកមាតុភូមិវិញ ជាមួយភាពជោគជ័យពីឆាកអន្តរជាតិដ៏ធំនេះ។

កូនកាត់ខ្មែរ-បារាំង កុមារី ហាមមើឡិត វ៉េណេសា បានប្រាប់ឲ្យដឹងថា រូបគេពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានឈ្នះពាន Little Miss Beauty Power International Model 2025 ហើយទៅថ្ងៃអនាគតរូបគេចង់ចូលរួមប្រកួត Miss World បន្ថែមទៀត។ ទោះបីរូបគេទើបមានវ័យ ៨ឆ្នាំ ប៉ុន្តែពេលចូលរួមប្រកួតនៅប្រទេសឡាវ គឺពុំមានការភិតភ័យអ្វីឡើយ ព្រោះយើងត្រូវតែអង់អាចក្លាហាន ហើយក៏ធ្លាប់ទទួលបានពានចំនួន ២រួចមកហើយដែរ។

ចំណែកកូនកាត់ខ្មែរ-ឥណ្ឌូនេស៊ី កុមារី ដូមីនិច អូនលី បានបញ្ជាក់ថា រូបគេបានប្រឡងនៅប្រទេសឡាវ ហើយរំភើបលាយភ័យ ជាមួយនឹងវិញ្ញាសារសម្លៀកបំពាក់ខ្មែរ ហើយរំភើបខ្លាំងដែលបានផ្សព្វផ្សាយ វប្បធម៌របស់ខ្មែរនៅលើឆាកអន្តរជាតិ។ ពេលនោះរូបគេបានតាំងចិត្តថា នឹងប្រកួតទាល់តែបានមកុដ យកទៅកាន់ប្រទេសកម្ពុជាឲ្យទាល់តែបាន។ រូបគេចង់ឲ្យអ្នកដែលស្រឡាញ់ការងារសិល្បៈ ចូលរួមប្រកួតប្រជែងក្នុងវិស័យដើរម៉ូដ ឬកម្មវិធីផ្សេងៗ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។

រីឯកូនកាត់ខ្មែរ-ប៉ាគីស្ថាន កុមារា អាសាន ចាវីឌ​ បានឈ្នះជយលាភី Little Mister Beauty Power International Model 2025 បានលើកឡើងថា នេះកម្មវិធីប្រកួតប្រជែងលើកដំបូងរបស់រូបគេ ប៉ុន្តែមិននឹកស្មានថា រូបគេឈ្នះបានពាននៅក្នុងកម្មវិធីនេះឡើយ។ រូបគេពិតជាសប្បាយចិត្ត និងមានមោទនភាពចំពោះខ្លួនឯង និងគ្រួសារដែលបានបង្ហាញសមត្ថភាពដែលខ្លួនមាន ជាពិសេសលើវិស័យសិល្បៈនេះតែម្ដង។

លោក Mathew Tan (ម៉ាតសៀវ តាន់) បានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជារំភើបលើសពីអ្វីដែលអាចរៀបរាប់បាន ក្នុងនាមជាគ្រូបង្វឹកផ្ទាល់របស់ប្អូនៗកុមារទាំង ៣រូប លោក Mathew Tan (ម៉ាតសៀវ តាន់) ចាត់ទុកថា ការប្រកួតអន្តរជាតិនៅឡាវ ជាការ challenge ធំបំផុតសម្រាប់លោក។ ប៉ុន្តែគ្រប់យ៉ាងល្អលើសការរំពឹងទុករបស់លោក និងអាណាព្យាបាលកុមារទាំង ៣ទៅទៀត។

ក្រោយឈ្នះមកុដអន្តរជាតិពីឡាវ កូតារាម៉ូដែលវ័យក្មេងកម្ពុជាទាំង៣រូប ដូមីនិច , វ៉េណេសា និង អាសាន បន្តពង្រឹងសមត្ថភាពសិល្បៈរបស់ពួកគេ ទាំងការដើរបង្ហាញម៉ូដ រាំ ច្រៀង និងការសម្តែងជាដើម។ ដូច្នេះប្រសិនបើផលិតករតាមបណ្តាផលិតកម្មនានា និងក្រុមហ៊ុនឯកជនផ្សេងៗចាប់អារម្មណ៍សមត្ថភាព និងទេពកោសល្យសិល្បៈរបស់ប្អូនៗ លោកអ្នកអាចទំនាក់ទំនងទៅកាន់ផេកផ្លូវការសាលាបង្រៀនដើរម៉ូដ និងម៉ូដែល The RAMP Academy ឬផេកផ្លូវការរបស់ប្អូនទាំង ៣នាក់ ឈ្មោះថា Azan Javed, Hamelet Vanessa និង Dominique OunLee ដូមីនិច អូនលី៕