Belllingham ត្រឡប់មកជួយ Real វិញនៅថ្ងៃបើកឆាក Champions League ទល់នឹង Marseille រាត្រីនេះ
16-09-2025 09:03
(ម៉ាឌ្រីដ)៖ ខ្សែបម្រើ Jude Bellingham មានឈ្មោះលេងក្នុងក្រុមអធិរាជស Real Madrid នៅថ្ងៃបើកឆាកពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26 ចាប់ពីរាត្រីនេះតទៅ ពេលប៉ះក្រុមមកពីបារាំង Marseille។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអង់គ្លេស វ័យ ២២ឆ្នាំរូបនេះ ទើបជាសះស្បើយពីបញ្ហារបួសវះកាត់ស្មា ដែលបានញាំញីកាលពីអំឡុងកម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ជាទីដែលក្រុមអេស្ប៉ាញមួយនេះ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
មែនទែនទៅ Bellingham បានផ្តើមមានបញ្ហារបួសស្មារ៉ាំរៃតាំងពីឆ្នាំ២០២៣ មកម្ល៉េះ បន្ទាប់ពីអតីតកីឡាករ Borussia Dortmund តម្លៃ ១១៥លានផោនរូបនេះ បានដួលនៅលើទីលាននៃជំនួបរវាង Real និង Rayo Vallecano ក្នុងលីគ La Liga។
Bellingham បានវិលត្រឡប់មកវិញហ្វឹកហាត់ជុំគ្នាវិញកាលសប្តាហ៍មុន ហើយក៏ត្រូវបានអ្នកចាត់ការទូទៅ លោក Xabi Alonso បញ្ចូលឈ្មោះទៅក្នុងក្រុមដែរ ក្នុងចំណោមកីឡាករ ២៣នាក់ ដើម្បីត្រៀមស្វាគមន៍ Marseille រាត្រីនេះនៅកីឡដ្ឋាន Santiago Bernabeu ទៀតផង៕