NOCC បើកវគ្គរដ្ឋបាលកីឡា ពង្រឹងការដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ដល់មន្រ្ដីសហព័ន្ធជាតិ

16-09-2025 09:06

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបន្ដរៀបចំវគ្គវគ្គសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ឆ្នាំ២០២៥ ដើម្បីពង្រឹងចំណេះដឹងក្នុងការងារដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡា ដល់មន្ដ្រីសហព័ន្ធកីឡាជាតិ។

យោងតាមមន្ដ្រី NOCC វគ្គនេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដោយមានសិក្ខាកាមចូលរួមចំនួន ៥៧នាក់ចូលរួម ដែលភាគច្រើនមកពីតាមសហព័ន្ធកីឡាជាតិ លើកលែងតែមន្ដ្រី ២រូបមកពីសាលាកីឡាគុណធម៌ និង ២រូបទៀត មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

វគ្គបណ្ដុះបណ្ដាលនេះដែរ កម្ពុជាតែងទទួលបានការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិក ដើម្បីរៀបចំរៀងរាល់ឆ្នាំ ក្នុងនោះមាន ៣ ទៅ ៤វគ្គរៀបចំនៅភ្នំពេញ ហើយ ៣ ទៅ ៤វគ្គទៀត រៀបតាមបណ្ដាលខេត្ត ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ដ្រីកីឡា តាមអង្គភាពពាក់ព័ន្ធ ពិសេសអង្គភាពកីឡា បានសិក្សាស្វែងយល់អំពីការងារដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ និងរៀបចំព្រឹត្តិការណ៍កីឡាជាដើម។

ចំពោះវគ្គបណ្ដុះបណ្ដាលក្នុងសប្ដាហ៍នេះដែរ គឺផ្ដោតការសិក្សាលើចំណេះដឹងអំពីការរៀបចំព្រឹត្តិការណ៍កីឡា, ប្រវត្តិ និងមូលដ្ឋានគ្រឹះ នៃទស្សនវិជ្ជាអូឡាំពិក, រចនាសម្ព័ន្ធសហព័ន្ធកីឡាជាតិ និងអភិបាលកិច្ចល្អ, ការកំណត់អត្តសញ្ញាណទេពកោសល្យកីឡាវ័យក្មេង, អត្ថប្រយោជន៍អប់រំកាយកីឡា និងឥទ្ធិពលព្រឹត្តិការណ៍កីឡាក្នុងសង្គមជាតិ, ផែនការកម្មវិធីហ្វឹកហាត់កីឡា និងភាពជាអ្នកដឹកនាំក្នុងវិស័យកីឡាជាដើម ដោយមានគ្រូឧទ្ទេសជំនាញៗ និងមានបទពិសោធន៍យូរឆ្នាំ ចូលរួមបង្រៀនផ្ទាល់ក្នុងរយៈពេល ៤ថ្ងៃពេញ៕