គួរឱ្យស្តាយ! កីឡាករជិះស្គីអ៉ីតាលី Franzoso បានបាត់បង់ជីវិត ក្នុងអំឡុងពេលហ្វឹកហាត់

16-09-2025 09:55

(បរទេស)៖ កីឡាករជិះស្គី Matteo Franzoso របស់អ៉ីតាលីបានទទួលមរភាព ដោយសារការប៉ះទង្គិច នាពេលអំឡុងហ្វឹកហាត់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅប្រទេសឈីលី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Franzoso ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ Santiago ភ្លាមៗផងដែរ ក្រោយពេលរងរបួសក្បាលជាទម្ងន់ ដែលបានបុកជាមួយនឹងរបាំងដែក នាអំឡុងហ្វឹកហាត់ដែលស្ថិតនៅតំបន់ La Parva នៃប្រទេសប៉ែកអាមេរិកឡាទីន។

Franzoso ដែលនឹងឈានចូលថ្ងៃខួបកំណើតវ័យ ២៦ឆ្នាំនាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានចូលលេង World Cup នាខែធ្នូ ឆ្នាំ២០២១ មានចំនួន ១៧ប្រកួត នៃវិញ្ញាសាភ្នំ និង Super-G ថែមទៀតផង។

សហព័ន្ធជិះស្គីអន្តរជាតិ និងសហព័ន្ធស្គីទឹកកក FIS បានសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់កីឡាករឆ្នើមកម្រិតពិភពលោក Franzoso រូបនេះ៕