បូលីវី និងវេណេហ្សូអេឡា ត្រូវប្រកួតគ្នា ២ជើងទៀត ដើម្បីប្រជែងកៅអីវគ្គជម្រុះអន្តរទ្វីប សម្រាប់ World Cup 2026

16-09-2025 10:58

(បរទេស)៖ បើយោងតាមផេកផ្លូវការរបស់ FIFA បានឱ្យដឹងថា ក្រុមជម្រើសជាតិបូលីវី និងវេណេហ្សូអេឡា ត្រូវពើបប្រទះគ្នាចំនួន ២លើកទៀត ដើម្បីប្រជែងកន្លះកៅអីឡើងទៅប្រកួតអន្តរទ្វីប សម្រាប់កៅអីទី៧ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។

បូលីវី ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ត្រូវតតាំងនឹងវេណេហ្សូអេឡា លេខ៨ ក្រោយបញ្ចប់វគ្គជម្រុះប្រចាំតំបន់អាមេរិកឡាទីន CONMEBOL កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងចំណោម ១០ប្រទេស។

ពួកគេទទួលបានកៅអីលេងជម្រុះជាបន្តទៀត បន្ទាប់ពី FIFA បានសម្រេចបន្ថែមក្រុមពី ៣២ឡើងដល់ ៤៨ក្រុមលើកដំបូងនៅអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយ មុនឆ្លងចូលជម្រុះអន្តរទ្វីប Intercontinental ដែលនឹងធ្វើឡើងនាអំឡុងខែមីនា ឆ្នាំ២០២៦ មានមិចស៊ិកធ្វើម្ចាស់ផ្ទះ។

បូលីវី ធ្លាប់បានបង្ហាញខ្លួនជុំចុងក្រោយនៅ FIFA World Cup បាន ៣លើកមកហើយ ក្រោយរៀបចំបាន ២២លើកមកនេះ គ្រាដែលគូប្រជែងវេណេហ្សូអេឡា រំពឹងទទួលបានកៅអីបង្ហាញខ្លួនលើកដំបូងសម្រាប់ពួកគេ បន្ទាប់ពីប្រេស៊ីល ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ អេក្វាឌ័រ កូឡុំប៊ី និងម្ចាស់ការពារតំណែងជើង អាហ្សង់ទីន បានកក់កៅអីរួចរាល់ដូចគ្នា ក្រោយឆ្លងកាត់ ១៨ប្រកួត៕