សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងគោលមួយទាក់ទងនឹង TikTok

16-09-2025 11:00

(បរទេស)៖ សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងគោលមួយស្ដីពីអាជីវកម្ម TikTok នៅក្នុងសហរដ្ឋអាមេរិក។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីផ្លាស់ប្ដូរកម្មសិទ្ធិ TikTok នៅអាមេរិក ឲ្យធ្វើការគ្រប់គ្រងដោយក្រុមហ៊ុននៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះ ត្រូវបានចរចារនៅទីក្រុងម៉ាឌ្រីត អំឡុងពេលមានកិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ពីសហរដ្ឋអាមេរិក និងចិន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា មានការយល់ព្រមលើលក្ខខណ្ឌពាណិជ្ជកម្មរួចរាល់ហើយ ជារវាងបុគ្គលឯកជន។ ទន្ទឹមនឹងនេះ TikTok កំពុងជួបប្រទះស្ថានភាពមិនប្រាកដប្រជានៅក្នុងអាមេរិក ដោយអាចនឹងត្រូវបិទនៅថ្ងៃទី១៧ ខែកញ្ញា ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានបញ្ចប់ទាន់ពេល។

ប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នឹងមានកិច្ចសន្ទនាផ្ទាល់នៅថ្ងៃសុក្រ (ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ។ ប្រទេសទាំងពីរនៅតែត្រូវចរចារពីព័ត៌មានលម្អិតជាច្រើនដូចជា៖
* អ្វីខ្លះនឹងត្រូវផ្ទេរទៅអាមេរិក (សិទ្ធិបច្ចេកវិទ្យា algorithms)
* តួនាទីនៃក្រុមហ៊ុន ByteDance នៅក្នុង TikTok នឹងនៅដដែលឬអត់
* ការបញ្ជាក់អំពី «ការគ្រប់គ្រងដោយអាមេរិក» មានន័យយ៉ាងដូចម្តេច

ចំណុចសំខាន់ៗគួរតែតាមដានគឺ សុវត្ថិភាពជាតិ និងការកាន់កាប់កម្មសិទ្ធិ ពោលសហរដ្ឋអាមេរិកមានក្តីបារម្ភអំពីទិន្នន័យអ្នកប្រើ និងសុវត្ថិភាពជាតិ ខណៈចិនចង់រក្សាកម្មសិទ្ធិបញ្ញា និងអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ បើតាមច្បាប់ជាតិអាមេរិក ដែលបានអនុម័តកាលពីឆ្នាំ២០២៤ មានការកំណត់ឲ្យ TikTok ត្រូវលក់ចេញ ឬត្រូវហាមឃាត់ ប្រសិនបើគ្មានការផ្លាស់ប្ដូរ។ ដូច្នេះតើ TikTok នឹងផ្ទេរ algorithms ឲ្យអាមេរិកឬទេ? តើចិននឹងអនុញ្ញាតឲ្យកែប្រែជាគោលនយោបាយថ្នាក់ជាតិទេ? មានតែរងចាំសេចក្តីសម្រេចនាពេលឆាប់ៗខាងមុខ។