កញ្ញាឯកកម្ពុជា លី មួយលាង និង ល្អ ហួស រំពឹងស្នាដៃខ្នាតអន្តរជាតិលើកដំបូងរឿង «ម្ចាស់កញ្ចក់» សហការជាមួយតារាសម្ដែងមកពីឥណ្ឌូណេស៊ី នឹងផ្ទុះការគាំទ្រខ្លាំង

16-09-2025 12:56

(ភ្នំពេញ)៖ បញ្ចេញស្នាដៃសម្តែងភាពយន្តខ្នាតធំលើកដំបូងក្នុងភាពយន្តបែបរន្ធត់ «ម្ចាស់កញ្ចក់» Miss Teen International 2024 លី មួយលាង និងតារាសម្ដែងវ័យក្មេង ល្អហួស រំពឹងអាចនឹងផ្ទុះការគាំទ្រខ្លាំងទាំងក្នុង និងក្រៅស្រុក ដោយសាររឿងនេះមានចំណុចពិសេសៗច្រើន។​ ក្រោយចំណាយពេលសម្រិតសម្រាំងលើការថត និងបច្ចេកទេសកាត់តអស់រយៈពេលប្រមាណជាង ១ឆ្នាំ ទីបំផុតវណ្ណកម្មស្នាដៃភាពយន្តខ្នាតធំ បែបរន្ធត់ព្រឺព្រួចរបស់ផលិតកម្ម Mediaload Pictures ចំណងជើង «ម្ចាស់កញ្ចក់» បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ នៅបរិវេនផ្សារទំនើប K Mall។

ភាពយន្តខ្នាតធំបែបភ័យរន្ធត់​ «ម្ចាស់កញ្ចក់» ជាស្នាដៃលើកដំបូងរួមគ្នារបស់កញ្ញាឯក ៣រូបមកពីប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី គឺ ជូរី ល្អហួស Miss Pre -Teen Junior Idol Word 2024 , លី មួយលាង Miss Teen International 2024 និង Shaquila Keisha (ហ្សាគីឡា គីហ្សា) Miss Teen Icon International 2024។

ល្អហួស តួសម្ដែងដ៏សំខាន់ក្នុងរឿង «ម្ចាស់កញ្ចក់» បានបង្ហាញក្តីរំភើបរីករាយ និងអារម្មណ៍សប្បាយចិត្តចំពោះស្នាដៃភាពយន្តខ្នាតធំលើកដំបូងនេះ។ បវរកញ្ញាវ័យក្មេងរូបនេះបញ្ជាក់ថា នាង និងក្រុមការងារបានខំប្រឹងអស់ពីសមត្ថភាពក្នុងការសម្តែងរឿងនេះ ដោយសង្ឃឹមថា រឿងនេះនឹងអាចផ្ទុះការគាំទ្រខ្លាំង ទាំងការបញ្ចាំងក្នុងស្រុក និងការនាំទៅបញ្ចាំងនៅក្រៅស្រុក។
តារាសម្ដែងវ័យក្មេង ល្អហួស បាននិយាយថា ភាពយន្តនេះ គឺជារសជាតិថ្មី ហើយពេលថតហើយ គឺស្ទើរតែភ័យខ្លាចខ្លួនឯង ព្រោះយើងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ។ មិនថារូបនាង និងក្រុមការងារបានប្រឹងប្រែងថត សម្រិតសម្រាំងអស់ពីចិត្ត ហើយនាងចង់ឲ្យបងប្អូនមហាជនទាំងអស់មកទស្សនាផ្ទាល់ និងលើកស្ទួយភាពយន្តខ្មែរទាំងអស់គ្នា។

មិនខុសពីការលើកឡើងខាងលើ តារាសម្ដែង លី មួយលាង Miss Teen International 2024 និងបវរកញ្ញាឥណ្ឌូនេស៊ី Shaquila Keisha តួអង្គសំខាន់ៗក្នុងរឿងនេះ បានលើកឡើងដូចគ្នាថា ភាពយន្តនេះ គឺមានលក្ខណៈពិសេសខ្លាំង ជាពិសេសគឺនាងបានលះបង់ខ្លាំងមែនទែន រហូតមានរបួសទៀតផង។ ដោយសារភាពយន្តនេះ មានការសម្ដែងជាមួយតួមកពីប្រទេសឥណ្ឌូនេស៊ី ដូច្នេះផលិតករបានត្រៀមយកទៅចាក់បញ្ចាំងនៅក្រៅប្រទេស ពោលគឺប្រទេសឥណ្ឌូនេស៊ី ហើយទស្សនិកជននៅប្រទេសឥណ្ឌូនេស៊ី ក៏មានការគាំទ្រតារាសម្ដែងរបស់គេ ហើយក៏ចូលចិត្តទស្សនាភាពយន្តបែបភ័យរន្ធត់នេះដែរ។

តារាសម្ដែង លី លួយលាង បានបន្ថែមថា ភាពយន្តនេះ គឺនាងពេញចិត្តខ្លាំង ព្រោះនាងបានសម្ដែងអស់ពីកម្លាំងកាយចិត្ត ហើយក៏សូមអំពាវនាវដល់មហាជន ជួយលើកកម្ពស់ភាពយន្តខ្មែរ និងចូលរួមទស្សនាឲ្យបានច្រើនកុះករ ព្រោះជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់តារាសម្ដែង និងផលិតករភាពយន្ត ក្នុងការស្វះស្វែងរកអ្វីដែលថ្មីប្លែក ជូនមហាជនទស្សនាបន្តទៀត។

លោក អ៊ិន វិចិត្រ ចាងហ្វាងផលិតកម្ម Mediaload Pictures បានអះអាងថា រឿង «ម្ចាស់កញ្ចក់» ជាភាពយន្តបែបរន្ធត់ព្រឺព្រួច តែរសជាតិប្លែកសម្រាប់អ្នកទស្សនា ព្រោះរឿងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ទាំងសាច់រឿង ប្លង់ថត និងបច្ចេកទេសកាត់តជាដើម។ ជាងនេះទៀត រឿង «ម្ចាស់កញ្ចក់» មានប្លង់លងបន្លាចបែបព្រឺព្រួចជាច្រើន អាចឱ្យអ្នកទស្សនាស្រែកលោះព្រឹលឹងតែម្តង។ លោកថា ក្រៅពីការបញ្ចាំងក្នុងស្រុក រឿងនេះគ្រោងនាំចេញទៅបញ្ចាំង នៅទីផ្សារប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោក អ៊ិន វិចិត្រ បានបញ្ជាក់ថា ភាពយន្តនេះបានថតអស់រយៈពេលជាង១ឆ្នាំហើយ ដោយឆ្លងកាត់នូវឧបសគ្គជាច្រើន ជាពិសេសការចូលរួមសម្ដែងពីតារាសម្ដែងមកពីប្រទេសឥណ្ឌូនេស៊ី។ រឿង «ម្ចាស់កញ្ចក់» គឺជាស្នាដៃទី៣ហើយ របស់ផលិតកម្ម Mediaload Pictures ឃើញថា កំពុងតែបញ្ជៀតចូលក្នុងទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ នេះជារឿងទី១ ដែលមានការចូលរួមសម្ដែង ពីបវរកញ្ញាមកពីប្រទេសឥណ្ឌូនេស៊ី ដែលជាចំណុចប្លែកមួយ ហើយឃើញថា គ្រាន់តែបង្ហោះ Trailer លើបណ្ដាញសង្គម គឺទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើន។

សូមបញ្ជាក់ថា រឿង «ម្ចាស់កញ្ចក់»«The Mirror» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ តទៅ កុំភ្លេចចូលរួមទស្សនា និងគាំទ្រស្នាដៃរឿងខ្មែរឱ្យបានច្រើនកុះករ៕