Musk ទិញភាគហ៊ុន Tesla ១ពាន់លានដុល្លារ ពង្រឹងទំនុកចិត្តលើអនាគតក្រុមហ៊ុន

16-09-2025 14:59

(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៦% នៅថ្ងៃច័ន្ទ បន្ទាប់ពីនាយកប្រតិបត្តិ (CEO) លោក Elon Musk បានទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះក្នុងតម្លៃប្រមាណ ១ពាន់លានដុល្លារ។ ការទិញនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla កំពុងព្យាយាមផ្លាស់ប្តូរខ្លួនទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយផ្នែក AI (បញ្ញាសិប្បនិម្មិត) និងរ៉ូបូត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ការទិញភាគហ៊ុននេះគឺជាលើកទីមួយហើយដែលលោក Musk បានធ្វើតាំងពីឆ្នាំ ២០២០ ហើយវាបានបង្ហាញពីទំនុកចិត្តខ្ពស់របស់លោកចំពោះអនាគតរបស់ក្រុមហ៊ុន។ ការណ៍នេះកើតឡើងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានស្នើផែនការផ្តល់សំណងដ៏ធំដល់លោក Musk ដើម្បីឆ្លើយតបនឹងការទាមទាររបស់លោកក្នុងការគ្រប់គ្រងកាន់តែខ្លាំងលើក្រុមហ៊ុន។

យោងតាមឯកសារបទប្បញ្ញត្តិនៅថ្ងៃច័ន្ទ លោក Musk បានទិញភាគហ៊ុនចំនួន ២,៥៧ លានហ៊ុននៅថ្ងៃសុក្រ ដោយចំណាយចន្លោះពី ៣៧២,៣៧ ដុល្លារ ទៅ ៣៩៦,៥៤ ដុល្លារក្នុងមួយហ៊ុន។

លោក Matt Britzman អ្នកវិភាគភាគហ៊ុនជាន់ខ្ពស់នៅ Hargreaves Lansdown បាននិយាយថា ការទិញភាគហ៊ុននេះគឺជាសញ្ញាច្បាស់លាស់បំផុតដែលបង្ហាញថា លោក Musk បានត្រឡប់មកដឹកនាំក្រុមហ៊ុន Tesla យ៉ាងពេញទំហឹង។ លោកបានបន្តទៀតថា រឿងរ៉ាវរវាង Tesla និង Musk ហាក់ដូចជាបានត្រឡប់មកមានភាពប្រក្រតីវិញ បន្ទាប់ពីមានបញ្ហានៅដើមឆ្នាំ។

គិតត្រឹមខែធ្នូ លោក Musk កាន់កាប់ចំណែកភាគហ៊ុនប្រមាណ ១៣% នេះបើយោងតាមទិន្នន័យពី LSEG។ ទោះបីជាយ៉ាងណាក៏ដោយ ភាគហ៊ុនរបស់ Tesla គឺជាចំណែកមួយក្នុងចំណោមភាគហ៊ុនដែលមានការអនុវត្តអាក្រក់បំផុតនៅឆ្នាំនេះ ដោយបានបាត់បង់តម្លៃ ២% នៃតម្លៃរបស់វា។ កត្តានេះបណ្តាលមកពីការធ្លាក់ចុះតម្រូវការរថយន្តអគ្គិសនី និងការប្រកួតប្រជែងកាន់តែខ្លាំង។

គួរជម្រាបថា លោកស្រី Robyn Denholm ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla បានបញ្ជាក់ថា លោក Musk បានត្រឡប់មក "ដឹកនាំយ៉ាងពេញទំហឹង" នៅក្រុមហ៊ុនវិញ បន្ទាប់ពីចំណាយពេលជាច្រើនខែនៅឯសេតវិមាន៕