សហគ្រិនខ្មែរ ដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥ ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីជំរុញចលនាធុរកិច្ចថ្មី របស់និស្សិតកម្ពុជាជាង ៣០០នាក់

16-09-2025 15:03

(បន្ទាយមានជ័យ)៖ សហគ្រិនខ្មែរ (Khmer Enterprise) បានចាប់ផ្ដើមជាផ្លូវការនូវកម្មវិធី Unipreneurcamp កម្រងទី៥ ដែលជាផ្នែកមួយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣។

កម្មវិធី UnipreneurCamp កម្រងទី៥នេះ បានចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកញ្ញា នៅសាកលវិទ្យាល័យជាតិមានជ័យ និងមាននិស្សិតសរុបចំនួនជាង ៣០០ នាក់ ពីគ្រឹះស្ថានឧត្តមសិក្សា ចំនួន១០ បានចូលរួមក្នុងការប្រែក្លាយគំនិតថ្មីៗរបស់ពួកគេឲ្យក្លាយជាគំរូអាជីវកម្ម។

គួររំលឹកផងដែរថា កម្មវិធីសហគ្រិនមហាវិទ្យាល័យ គឺ ជាគម្រោងផ្តួចផ្តើមគំនិតសហគ្រិនភាពទូទាំងប្រទេសបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់និស្សិត និងគ្រូបណ្ដុះបណ្ដាលរហូតដល់ជាង ៣,០០០នាក់ ពីសាកលវិទ្យាល័យ ៥០មកពីទូទាំងប្រទេស។

កម្មវិធីនេះមាន ៤ផ្នែកសំខាន់ៗ រួមមាន UnipreneurCamp, UnipreneurSprint, Unipreneur National Challenge និង UnipreneurEducator។ ហើយកម្មវិធីនេះ ដំណើរការជាតំណភ្ជាប់មួយ ដើម្បីបំពាក់ជូនយុវជនកម្ពុជា នូវជំនាញជាក់ស្តែង បទពិសោធន៍ចាប់ផ្ដើមធុរៈកិច្ចថ្មី និងបណ្តាញគាំទ្រការចាប់ផ្តើមអាជីវកម្មដែលរួមចំណែក យ៉ាងខ្លាំងដល់ការអភិវឌ្ឍជាតិ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ កាលពីក្នុងកម្មវិធីសម្ពោធគម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ថា «UnipreneurCamp មិនមែនត្រឹមតែជាវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្តួចផ្តើមសម្រាប់បើកផ្លូវ ដល់និស្សិតសាកលវិទ្យាល័យ ដែលចង់ក្លាយជាអ្នកដឹកនាំអាជីវកម្ម ជំនាន់ក្រោយផងដែរ។ នៅរដូវកាលទី ៣ សហគ្រិនខ្មែរកំពុងពង្រីក សក្តានុពលនៃគម្រោងនេះ ទៅកាន់យុវជនដែលមានទេពកោសល្យ នៅគ្រប់ទីកន្លែងទាំងអស់ ទូទាំងប្រទេស»

នៅកម្មវិធី UnipreneurCamp កម្រងទី ៣នេះ និស្សិតត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃសហគ្រិនភាព ដូចជា៖ ការដោះស្រាយបញ្ហា ការបង្កើតផលិតផល ការធ្វើបទបង្ហាញ និងការបង្កើតក្រុម។ ជាមួយនឹង ការណែនាំពីគ្រូបង្វឹក ក្រុមនិស្សិតនីមួយៗ បានបង្កើតដំណោះស្រាយធុរៈកិច្ចថ្មីមួយ ដែលអាចដោះស្រាយបញ្ហាដែលពិភពលោកកំពុងប្រឈមជាក់ស្តែង។

កម្មវិធីនេះ ត្រូវបញ្ចប់ជាមួយនិងការប្រកួតប្រជែង តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមនិស្សិត ដែលត្រូវបានវាយតម្លៃពីគណៈកម្មការដែលមានជំនាញមកពីវិស័យផ្សេងៗ។ ក្រុមឆ្នើមនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ឧបត្ថម្ភដោយសហគ្រិនខ្មែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ មិនបានបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលក្នុងកម្មវិធី UnipreneurCamp នោះទេ។ ពោលគឺ ក្រុមឆ្នើមពី កម្រងនីមួយៗ នឹងបន្តទៅវគ្គ UnipreneurSprint ដែលជាកម្មវិធីបណ្តុះបណ្តាល តាមអនឡាញ រយៈពេល ៤ សប្តាហ៍ បន្ទាប់មកបន្តទៅក្នុងកម្មវិធី Unipreneur National Challenge ដែលមានក្រុមឆ្នើមពី ៥០ សាកលវិទ្យាល័យ នឹងធ្វើការប្រកួតដណ្ដើមយកចំណាត់ថ្នាក់ណាមួយក្នុងចំណោម ចំណាត់ថ្នាក់ជាតិទាំង៨ក្រុម។

ការចូលរួមនឹងផ្តល់ឱកាសដល់និស្សិត ទទួលបានបទពិសោធន៍ធុរៈកិច្ចថ្មីជាក់ស្តែង ការណែនាំពីគ្រូបង្វឹក និងឱកាសចូលរួមក្នុងដំណើរការសហគ្រិនភាពទូទាំងប្រទេស។ សាកលវិទ្យាល័យដែលមានការប្តេជ្ញាខ្ពស់ ចំពោះនវានុវត្តន៍ និងការអភិវឌ្ឍយុវជន ត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាដៃគូសហការជាមួយសហគ្រិនខ្មែរ នៅក្នុងគំនិតផ្តួចផ្តើមនវានុវត្តន៍ថ្មីនេះ។

ដើម្បីចូលរួម ឬស្វែងយល់បន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់
លោក ពក បញ្ញាពេជ្រ : មន្ត្រីជំនាញជាន់ខ្ពស់កម្មវិធីសហគ្រិនភាព និងនវានុវត្តន៍
អ៉ីម៉ែល: [email protected]
ទូរស័ព្ទលេខ: ០២៣ ៩០០ ៨៥៥
គេហទំព័រ: https://khmerenterprise.info

អំពីសហគ្រិនខ្មែរ:
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព។ តាមរយៈការផ្តល់មូលនិធិ ការណែនាំ និងភាពជាដៃគូយុទ្ធសាស្ត្រ សហគ្រិនខ្មែរ បានផ្តល់សិទ្ធិអំណាចដល់ដល់ធុរៈកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕