គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី រៀបចំកម្មវិធីគាំទ្រសកម្មភាពសង្គមដល់សាលាបឋមសិក្សា ត្រពាំងកោះ ក្នុងខេត្តតាកែវ
16-09-2025 16:28
(តាកែវ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដឹកនាំដោយលោកអគ្គនាយក កែវ សុខា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីគាំទ្រសកម្មភាពសង្គមដល់សាលាបឋមសិក្សា ត្រពាំងកោះ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ និងមានការចូលរួមពីក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមិន និងក្រុមហ៊ុនដៃគូសហការ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងជម្រុញឲ្យសិស្សានុសិស្សទទួលបានឱកាសអប់រំប្រកបដោយគុណភាព តាមរយៈការផ្ដល់សម្ភារសិក្សាមានដូចជា៖ កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្សចំនួន ៣១៥នាក់ ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេឲ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញ។
កម្មវិធីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងលើកកម្ពស់គុណភាពអប់រំ។ យើងជឿជាក់ថា ការគាំទ្រនេះ មិនត្រឹមតែជួយឲ្យសិស្សានុសិស្សនៅ សាលាបឋមសិក្សា ត្រពាំងកោះ ទទួលបានបរិស្ថានសិក្សាប្រកបដោយផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ សហគមន៍នៅទីនោះ ក៏ដូចជាសង្គមជាតិទាំងមូលរបស់យើងឲ្យទទួលបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
នៅថ្ងៃដដែល ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងក្រុមហ៊ុនដៃគូសហការ ខាងលើក៏បានចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តសម្ផស្សគីរីវណ្ណារាម ហៅ វត្តតាភើ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ
ដែលនៅក្នុងពិធីកាន់បិណ្ឌនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ រួមទាំង លោកតាអាចារ្យ យាយជី តាជី បានធ្វើបទនមស្សការសមាទានសីល និងវេរភត្តាហារព្រមទាំងទេយ្យទាន និងប្រគេនបច្ច័យដល់ព្រះសង្ឃ បង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក។
ក្នុងឱកាសនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនលក្ស្មី ប្រាមយ៍ អ៊ិនវេសមេន និងក្រុមហ៊ុនដៃគូសហការដែលបានចូលរួមយ៉ាងកក់ក្តៅ សូមជូនពរដល់ថ្នាក់ដឹកនាំ ព្រមទាំង បុគ្គលិកទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្ដីចម្រើន ព្រមទាំងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ៕