Nvidia បង្កើតបន្ទះឈីបថ្មីសម្រាប់ចិន តែត្រូវក្រុមហ៊ុនយក្សរបស់ចិនបដិសេធ!

17-09-2025 09:48

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីឈ្មោះ Nvidia បានផលិតបន្ទះឈីបសិប្បនិម្មិត (AI) ម៉ូដែល RTX6000D សម្រាប់លក់ផ្តាច់មុខក្នុងទីផ្សារប្រទេសចិន។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Alibaba, Tencent, និង ByteDance មិនបានចាប់អារម្មណ៍និងដាក់បញ្ជាទិញនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

តាមប្រភពជិតដិតមួយបានបង្ហើបថា ក្រុមហ៊ុនធំៗទាំងនោះយល់ថាបន្ទះឈីប RTX6000D មានតម្លៃថ្លៃខ្លាំង ប្រហែល ៧,០០០ដុល្លារ ហើយសមត្ថភាពរបស់វាក៏មិនខ្លាំងដូចតម្លៃដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវាមានសមត្ថភាពអន់ជាងបន្ទះឈីបម៉ូដែល RTX5090 ទៅទៀត ដែលជាបន្ទះឈីបអាមេរិកហាមលក់ឲ្យចិន តែអាចរកទិញបានតាមទីផ្សារងងឹតជាមួយនឹងតម្លៃថោកជាងពាក់កណ្ដាល។

រដ្ឋាភិបាលអាមេរិកបានដាក់កម្រិតលើការលក់បន្ទះឈីបបច្ចេកវិទ្យាទំនើបៗទៅកាន់ប្រទេសចិន ដើម្បីទប់ស្កាត់ការរីកចម្រើនខាងវិស័យ AI របស់ចិន។ នេះបានធ្វើឲ្យក្រុមហ៊ុន Nvidia ត្រូវតែផលិតបន្ទះឈីបដែលបានកាត់បន្ថយសមត្ថភាព ដើម្បីគោរពតាមច្បាប់ហាមឃាត់របស់អាមេរិក។

បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងរង់ចាំការសម្រេចចិត្តពីក្រុមហ៊ុន Nvidia សម្រាប់ការដឹកជញ្ជូនបន្ទះឈីប H20 ឡើងវិញ ខណៈដែលការអនុញ្ញាតបានទទួលរួចហើយតាំងពីខែកក្កដាមកម្ល៉េះ តែការដឹកជញ្ជូននៅមិនទាន់បានចាប់ផ្ដើមនៅឡើយ។ ពួកគេក៏សង្ឃឹមថាបន្ទះឈីប B30A ដែលមានកម្លាំងខ្លាំងជាងនេះនឹងទទួលបានការអនុញ្ញាតផងដែរ។

បើទោះបីជាអ្នកវិភាគពីក្រុមហ៊ុនល្បីៗដូចជា JPMorgan និង Morgan Stanley បានព្យាករណ៍ថានឹងមានការផលិតបន្ទះឈីប RTX6000D រហូតដល់រាប់លានបន្ទះក៏ដោយ តែតម្រូវការជាក់ស្ដែងហាក់ដូចជាមិនសូវមាននោះទេ។ Nvidia ក៏បានចាប់ផ្ដើមដឹកជញ្ជូនបន្ទះឈីបនេះនៅសប្ដាហ៍នេះដែរ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយយ៉ាងខ្លីថា «ទីផ្សារនេះមានការប្រកួតប្រជែងណាស់ ហើយយើងនឹងផ្តល់ជូននូវផលិតផលល្អបំផុតដែលយើងអាចធ្វើបាន»

គួរជម្រាបថា ក្រុមហ៊ុន Alibaba, Tencent, និង ByteDance មិនទាន់បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅឡើយនោះទេ៕