ធនាគារ «ABA» និងក្រុមហ៊ុន «T-O Group» ពង្រឹងភាពជាដៃគូ ដើម្បីពង្រីកការទូទាត់ឌីជីថលនៅកម្ពុជា
17-09-2025 11:52
(ភ្នំពេញ)៖ ABA ដែលជាធនាគារឌីជីថលឈានមុខនៅកម្ពុជា បានពង្រឹងភាពជាដៃគូយុទ្ធសាស្ដ្រយូរអង្វែងរបស់ខ្លួន ជាមួយក្រុមហ៊ុន T.O Group ដែលជាតួអង្គដ៏សំខាន់មួយនៅក្នុងការផ្គត់ផ្គង់សេវាកម្ម IT និងប្រព័ន្ធ POS តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU)។ ភាពជាដៃគូនេះ រៀបចំឡើងសំដៅពង្រីកលទ្ធភាពទូទាត់ឌីជីថលមិនប្រើក្រដាសប្រាក់ កាន់តែងាយស្រួល និងសុវត្ថិភាព សម្រាប់បណ្ដាអាជីវកម្ម និងអតិថិជននៅទូទាំងប្រទេស។

បន្ថែមពីលើការភ្ជាប់ដោយជោគជ័យជាច្រើនឆ្នាំជាមួយ ABA PayWay ដែលជាផ្លែតហ្វមទូទាត់ពេញលេញ និងសម្បូរបែបរបស់ធនាគារ ឥឡូវ ក្រុមហ៊ុន T.O Group នឹងប្រើប្រាស់មុខងារ QR API របស់ PayWay ដើម្បីភ្ជាប់ការទូទាត់ QR ទៅក្នុងប្រព័ន្ធ POS និងប្រព័ន្ធចេញវិក្កយបត្ររបស់ក្រុមហ៊ុន T-O Group។ ការតភ្ជាប់នេះ នឹងអនុញ្ញាតឲ្យដៃគូអាជីវករបង្កើតកូដ QR - រួមមាន KHQR និងមធ្យោបាយទូទាត់ផ្សេងទៀត និងទទួលប្រាក់ទូទាត់យ៉ាងលឿនស្រួលភ្លាមៗ ដោយភ្ញៀវ ឬអតិថិជនបង់ភ្លាម លុយចូលភ្លាមៗក្នុងពេលដំណាលគ្នា ជាមួយការបញ្ជាក់ភ្លាមៗក្នុងពេលជាក់ស្ដែង ទាំងការទូទាត់នៅហាងផ្ទាល់ និងអនឡាញ។
ចំណែកឯអតិថិជន ក៏ងាយស្រួលផងដែរ កូដ KHQR នឹងបង្ហាញនៅលើអេក្រង់អ្នកគិតលុយ សន្លឹកវិក្កយបត្រ វិបសាយ និងលីងទូទាត់ ដោយផ្ដល់នូវមធ្យោបាយកាន់តែលឿនស្រួល និងសុវត្ថិភាពខ្ពស់ ដែលរាល់ប្រតិបត្តិការទូទាត់ ត្រូវការស្គែនតែមួយប៉ក់ប៉ុណ្ណោះរួចស្រេច។
ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក Zokhir Rasulov អគ្គនាយករងប្រតិបត្តិ និងជានាយកសេវាធនាគារឌីជីថលនៃធនាគារ ABA និងលោកស្រី ហេង វត្តី ប្រធានប្រតិបត្តិនៃក្រុមហ៊ុន T-O Group ព្រមទាំងក្រុមការងារពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរ។
លោក Zokhir Rasulov មានប្រសាសន៍ថា «ភាពជាដៃគូសហការជាមួយក្រុមហ៊ុន T-O Group នេះ គឺជាជំហានដ៏មានសំខាន់មួយទៀត ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីនៃមធ្យោបាយទូទាត់នៅកម្ពុជា។ តាមរយៈការតភ្ជាប់ផ្លែតហ្វមទូទាត់ ABA PayWay ទៅក្នុងប្រព័ន្ធរបស់អាជីវករ យើងខ្ញុំកំពុងផ្ដល់លទ្ធភាពដល់បណ្ដាអាជីវកម្មតូចធំគ្រប់ទំហំ ក្នុងការទទួលប្រាក់តាម KHQR និងការទូទាត់ផ្អែកលើ QR ផ្សេងទៀតកាន់តែងាយស្រួល ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទូទាត់កាន់តែលឿន និងសុវត្ថិភាព។ យើងទាំងអស់គ្នារួមគ្នា យើងកំពុងពង្រីកវិសាលភាពនៃដំណោះស្រាយមិនប្រើក្រដាសប្រាក់ និងធ្វើឲ្យការទូទាត់ឌីជីថលក្លាយជាផ្នែកមួយ នៃការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់គ្រប់រូប»។
លោកស្រី ហេង វត្តី ប្រធានប្រតិបត្តិនៃក្រុមហ៊ុន T-O Group មានប្រសាសន៍ថា «នៅក្រុមហ៊ុន T-O Group យើងមានបេសកកម្មចម្បងក្នុងការពង្រឹងសក្ដានុពលរបស់ពាណិជ្ជករខ្មែរ ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនក្នុងស្រុក ជាមួយនឹងឧបករណ៍ចាំបាច់ ដែលជួយជំរុញកំណើន និងប្រសិទ្ធភាព។ កិច្ចសហការជាមួយ ABA នាំយកមធ្យោបាយទូទាត់ដ៏ទំនើបប្រកបដោយនវានុវត្តន៍ ដែលសម្រួលដល់ប្រតិបត្តិការអាជីវកម្ម កាត់បន្ថយកំហុសឆ្គង និងបង្កើនទំនុកចិត្តរបស់អតិថិជន»។
ភាពជាដៃគូយុទ្ធសាស្រ្តនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការគាំទ្រដំណើរវឌ្ឍនភាពឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុរបស់កម្ពុជា។ ធនាគារ ABA និងក្រុមហ៊ុន T-O Group បានកំពុងតែរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរវឌ្ឍនភាពកម្ពុជាឆ្ពោះទៅកាន់សង្គមទំនើប ដែលទូទាត់ដោយមិនប្រើក្រដាសប្រាក់៕