វិទ្យាស្ថានខេមអេដ ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ផ្នែកពន្ធដារកម្ពុជាជាន់ខ្ពស់, ច្បាប់ពន្ធដារកម្ពុជា, ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ

17-09-2025 12:47

(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានរៀបចំពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃកម្មវិធីសិក្សាសញ្ញាបត្រ ជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក សាស្ត្រាចារ្យ គណៈគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដ និងនិស្សិតជ័យលាភីប្រមាណ ៩១នាក់ កាលពីពេលថ្មីនេះ នៅសណ្ឋាគារ រ៉ូសវូដភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានចូលរួមអបអរសាទរដល់និស្សិត ជ័យលាភីទាំងអស់ និងសម្តែងនូវសេចក្តីសប្បាយរីករាយ ប្រកបដោយមោទកភាពចំពោះការខិតខំ ប្រឹងប្រែងរហូតទទួលបានជោគជ័យ លើការប្រឡងរបស់និស្សិតជ័យលាភីនាពេលនេះ និងមានប្រសាសន៍ថា «ភាពជោគជ័យរបស់និស្សិតជ័យលាភីនាពេលនេះ បានបង្ហាញពីការមានចំណេះដឹង និងជំនាញដែលមានស្តង់ដាលើពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយចំណេះដឹង និងជំនាញទាំងនេះ ក៏នឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសរួមចំណែកក្នុងបេសកកម្មរបស់លោក ប៊ូ ថារិន ក្នុងការពង្រឹងតម្លាភាពនៃកិច្ចការរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីជាអត្ថប្រយោជន៍ដល់ការ សម្រេចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន អ្នកវិនិយោគដែលកំពុងតែបណ្តាក់ទុនរកស៊ីស្រាប់ ក៏ដូចជាអ្នកវិនិយោគដែលនឹងមានគម្រោង មកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជានាពេលអនាគត»

លោកបានបន្ថែមថា វិនិយោគគិនថ្មីៗទាំងនេះ នឹងត្រូវការជំនួយពីនិស្សិតបញ្ចប់ការសិក្សា ថ្នាក់ច្បាប់ពន្ធដារកម្ពុជានាថ្ងៃនេះ ក្នុងការណែនាំ និងធានាឲ្យបានថា ក្រុមហ៊ុនពួកគេរៀបចំព័ត៌មានហិរញ្ញវត្ថុ អនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មដំបូង ក្នុងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ច្បាប់ពាណិជ្ជកម្មកម្ពុជា នឹងមានកាតព្វកិច្ចសំខាន់ក្នុងការផ្តល់យោបល់ លើការរៀបចំនូវរចនាសម្ព័ន្ធក្រុមហ៊ុន ក៏ដូចជាផ្តល់ការប្រឹក្សាលើទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ស្របតាមច្បាប់ពាណិជ្ជកម្មនៃប្រទេសកម្ពុជា។ ជាចុងបញ្ចប់លោកខេស៊ី បាណេត បានកោតសរសើរនូវការតាំងចិត្តដ៏មុតមាំ ក្នុងការពង្រឹងនូវចំណេះដឹង និងជំនាញរបស់និសិ្សតរហូតទទួលបានជោគជ័យ លើការប្រឡងរបស់និស្សិតជ័យលាភីនាពេលនេះ និងជូនពរឲ្យនិស្សិតជ័យលាភីទាំងអស់ទទួលបានជោគជ័យ នូវគ្រប់កិច្ចការនាពេលច្ចុប្បន្ន និងអនាគត។

លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានចូលរួមអបអរសាទរដល់និស្សិត និងបានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងពង្រឹងនូវកម្មវិធីសិក្សា គុណភាពសាស្ត្រាចារ្យ ក៏ដូចជាសេវាកម្មសិក្សានានារបស់វិទ្យាស្ថានខេមអេដ។ ការខិតខំនេះបានរួមចំណែកយ៉ាងធំធេងក្នុង បេសកកម្មរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស ស្របតាមអាទិភាពគន្លឹះទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ សម្រាប់យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ លោកក៏បានបង្ហាញនូវទំនុកចិត្ត ពីកិច្ចសហការយ៉ាងស្អិតរមួតរបស់ គណៈគ្រប់គ្រង និងការបង្រៀនរបស់សាស្រ្ដាចារ្យពីវិទ្យាស្ថានខេមអេដ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្ដកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ធាភិបាលក្នុងការអនុវត្តយុទ្ធសាស្រ្ដអភិវឌ្ឍ វិស័យគណនេយ្យ និងសវនកម្ម នៅកម្ពុជា ឆ្នាំ២០២៥-២០៣៥។

លោកក៏បានបញ្ជាក់ទៀតថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយ័តករគណនេយ្យ និងសវនកម្ម បានព្យាយាមយ៉ាងមុតមាំ ក្នុងការពង្រឹងអនុលោមភាព និងតម្លាភាពនៃការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ក៏ដូចជា ប្រព័ន្ធនៃការគ្រប់គ្រងរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុប្រចាំឆ្នាំ របស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក៏ត្រូវបានដាក់ឲ្យអនុវត្តនៅប្រទេសកម្ពុជា ដែលជាលទ្ធផល និន្នាការអនុលោមភាពមានការកើនឡើងជារៀងរាល់ឆ្នាំ។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានតែមួយគត់ ដែលបានការទទួលស្គាល់ និងបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនិយ័តករគណនេយ្យ និង សវនកម្មលើការទទួលស្គាល់ការបណ្តុះបណ្តាល កម្មវិធីជំនាញពន្ធដារកម្ពុជា និងច្បាប់ពាណិជ្ជកម្មកម្ពុជា ជូនដល់គណនេយ្យករ និងសវនករបរទេសដែលមានបំណង ទទួលបានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវ: គណនេយ្យ និងសវនកម្មនៅប្រទេសកម្ពុជា។ ការសម្រេចនេះ គឺដោយសារតែមើលឃើញពីសមត្ថភាព និស្សិត និងឆន្ទៈក្នុងការពង្រឹងគុណភាពអប់រំ រហូតទទួលបានការទទួលស្គាល់គុណភាពកម្រិត Platinum ពីស្ថាប័នគណនេយ្យករជំនាញអន្តរជាតិ ACCA នៅចក្រភពអង់គ្លេស។

លោក ប៊ូ ថារិន ក៏បានបន្ថែមទៀតថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ ចំនួនសវនករ និងគណនេយ្យករជាជនជាតិខ្មែរ នៅតែមានកម្រិត ប្រសិនបើយើងប្រៀបធៀបជាមួយចំនួនសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលមានស្រាប់ និងនៅក្នុងកាលទេសៈដែល ន.គ.ស. ពង្រឹងអនុលោមភាព។ ស្ថានភាពនេះបង្ហាញថា ការកសាងចំនួនគណនេយ្យករ និងសវនករជាជនជាតិខ្មែរ និងការលើកកម្ពស់គុណវុឌ្ឍគណនេយ្យករ និងសវនករ នៅតែដើរតួនាទីយ៉ាងសំខាន់ និងព្រមគ្នា ក្នុងគោលដៅធានាបាននូវការបំពេញតម្រូវការសម្រាប់សេដ្ឋកិច្ចផង និងធានាបាននូវអនុលោមភាព កម្រិតខ្ពស់ផង។
ហេតុនេះហើយ លោកសូមលើកទឹកចិត្តដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់មេត្តាបន្ត អភិវឌ្ឍជំនាញគណនេយ្យ សវនកម្ម និងពន្ធដារបន្ថែម ហើយក៏ស្នើដល់វិទ្យាស្ថានខេមអេដ បន្តចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹង វិស័យគណនេយ្យ និងសវនកម្ម ឆ្ពោះទៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្ម នៅកម្ពុជា ឆ្នាំ២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យ និងសវនកម្ម ដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន៕