IHH Healthcare Singapore ការិយាល័យតំណាងមន្ទីរពេទ្យធំប្រចាំសិង្ហបុរី ត្រូវបានសម្ពោធជាផ្លូវការនៅកម្ពុជា
17-09-2025 12:50

(ភ្នំពេញ)៖ IHH Healthcare Singapore (IHH SG) ជាការិយាល័យតំណាងឲ្យមន្ទីរពេទ្យធំៗចំនួន៤ប្រចាំប្រទេសសិង្ហបុរី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅកម្ពុជា
ក្រោមអធិបតីភាពលោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក Jeffrey Law ប្រធាននាយកផ្នែកពាណិជ្ជកម្មរបស់ការិយាល័យ IHH SG , លោកស្រី Novene Li ទីប្រឹក្សាទី១ នៃស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតដែលមកពី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យឯកជន និងខាងវិស័យធនាគារផងដែរ។
លោក ស៊ិក ប៊ុណ្ណា បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាល និងរូបលោកផ្ទាល់សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន IHH Healthcare ដែលមានវត្ដមាននៅកម្ពុជា ដែលនេះជាការចូលរូមចំណែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ក៏ដូចជាជួយលើកស្ទួយវិស័យសុខាភិបាលកម្ពុជា។
«ជាងពិសេសការបង្ហាញវត្ដមានៅកម្ពុជានេះ គឺជាការរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី និងក្នុងនាមជាប្រទេសជាសមាជិកអាស៊ាន ដែលនេះស្របតាមបំណងប្រាថ្នារួម និងការប្តេជ្ញាដើម្បីជំរុញការរីកចម្រើនក្នុងតំបន់។ ការជួបជុំគ្នានៅកណ្ដាលរាជធានីភ្នំពេញនៅពេលនេះ មិនត្រឹមតែជាការសាទរដល់ការបើកការិយាល័យថ្មីរបស់ IHH SG ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងសាងសង់ «ស្ពានថ្មីមួយដែលភ្ជាប់ប្រជាជនរបស់យើងទៅកាន់សេវាសុខភាពដែលមានគុណភាព ការផ្លាស់ប្តូរចំណេះដឹង និងអនាគតសុខភាពល្អប្រសើរជាងមុន»។ការបញ្ជាក់បន្ថែមរបស់លោករដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា ចំពោះប្រធានបទក្នុងឱកាសបើកសម្ពោធការិយាល័យតំណាងមន្ទីរពេទ្យធំប្រចាំសិង្ហបុរី នៅកម្ពុជា គឺ «ការចងស្ពានមេត្រីភាពរវាងកម្ពុជា និងសិង្ហបុរី ដើម្បីពង្រឹង និងពង្រីកវិស័យសុខាភិបាលឈានមុន» ដែលបង្ហាញពីសហការរួមគ្នាបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅកម្ពុជាឱ្យកាន់តែប្រសើរ។
គួររម្លឹកថាប្រទេសសិង្ហបុរី មានឈ្មោះល្បីល្បាញលើសកលលោកក្នុងវិស័យសុខាភិបាល ពិសេសភាពទំនើបទាន់សម័យនៃបច្ចេកវិទ្យា និងធនធានមនុស្ស ដែលផ្ដល់នូវការពិនិត្យព្យាបាលប្រកបដោយគុណភាព ស័ក្កសិទ្ធភាព ប្រសិទ្ធភាព ជូនអ្នកជំងឺ។
ដូច្នេះតាមរយៈការិយាល័យថ្មីនេះ IHH Healthcare Singapore នឹងផ្ដល់សេវាសុខាភិបាលជូនប្រជាជនកម្ពុជាកាន់តែប្រសើរ ក្នុងការផ្ដល់ការប្រឹក្សា និងការព្យាបាលមានភាពងាយស្រួល ទៅលើជំងឺជាច្រើនប្រភេទ រួមមានទាំងការថែទាំឯកទេសពីជំងឺមហារីក ជំងឺបេះដូង ជំងឺប្រសាទ និងជំងឺឆ្អឹង និងសន្លាក់ ។ដែលនេះគឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព។
ជាមួយគ្នានេះលោក Jeffrey Law ប្រធាននាយកផ្នែកពាណិជ្ជកម្មរបស់ការិយាល័យ IHH Healthcare Singapore បានឲ្យដឹងថា ការសម្ពោធដាក់ឱ្យដំណើរការនូវការិយាល័យ IHH Healthcare Singapore – Cambodia គឺជាការបង្ហាញទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងសិង្ហបុរី ក្នុងបំណងរួមសម្រាប់ សុខភាពល្អប្រសើរជាសកល និងជាការបើកផ្លូវថ្មីសម្រាប់សហការសុខភាព, ការចែករំលែកចំណេះដឹង និង ការថែទាំអ្នកជំងឺប្រសើរជាងមុន។
លោកបានបន្តថា «គោលបំណងចម្បងរបស់ការិយាល័យថ្មីយើង គឺដើម្បីជួយសម្រួលអ្នកជំងឺកម្ពុជា ទទួលការព្យាបាលសុខភាពស្តង់ដាពិភពលោកនៅប្រទេសសិង្ហបុរីកាន់តែងាយស្រួល។ នៅពេលដែលអ្នកជំងឺត្រូវការការព្យាបាលតាមលក្ខណៈបុគ្គល នោះការិយាល័យរបស់យើងនឹងជួយណែនាំវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញនៅមន្ទីរពេទ្យដូចជា៖ Mount Elizabeth Orchard, Mount Elizabeth Novena, Gleneagles និង Parkway East។ យើងនឹងផ្តល់តម្លៃប៉ាន់ស្មាន សម្រាប់ការព្យាបាល រៀបចំដំណើរទៅព្យាបាលហើយធានាសុវត្ថិភាព រួមទាំងមើលថែអ្នកជំងឺក្នុងរយៈពេលធ្វើដំណើរទាំងមូល។
ដំណើរការនៃការព្យាបាលទាំងអស់នេះនឹងជួយកាត់បន្ថយភាពតានតឹង និងស្មុគស្មាញ ដែលគ្រួសារអ្នកជំងឺ តែងប្រឈមមុខនៅពេលស្វែងរកការព្យាបាលសំខាន់ ឬការព្យាបាលកម្រិតខ្ពស់នៅប្រទេសក្រៅ»។
«លើសពីនោះអ្នកជំងឺកម្ពុជា នឹងអាចទទួលបានការជំនួយពីដើមរហូតដល់ចុងបញ្ចប់ ដែលស្របតាមតម្រូវការរបស់ពួកគេ។ ការិយាល័យរបស់យើងនឹងរៀបចំគ្រប់យ៉ាង ចាប់ពីការពិគ្រោះជំងឺដំបូង រហូតដល់ការៀបចំអ្នកជំងឺទៅកាន់វេជ្ជបណ្ឌិតលំដាប់ រួមទាំងការផ្តល់នូវតម្លៃប៉ាន់ស្មាន ដើម្បីជួយសម្រួលទៅដល់ហិរញ្ញវត្ថុ និងរៀបចំយានជំនិះ កន្លែងស្នាក់នៅ និងមកកាន់មន្ទីរពេទ្យ។ យើងនឹងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីធានានូវបទពិសោធន៍ដ៏កក់ក្តៅ ផ្តល់ការថែទាំស្របទៅតាមតម្រូវការនៃបុគ្គល់ម្នាក់ៗឲ្យត្រូវនឹងបញ្ហាសុខភាពរបស់ពួកគេ អំឡុងពេល ព្យាបាលសុខភាពនៅស៊ីងហ្គាពួរ»។
លោក Jeffrey Law នេះជាធានាថា អ្នកជំងឺអាចផ្តោតលើការជាសះស្បើយរបស់ខ្លួន ដោយគ្មានការបារម្ភពី ដំណើរការព្យាបាលស្មុគស្មាញ ដូច្នេះធ្វើឱ្យការថែទាំគុណភាពខ្ពស់កាន់តែងាយស្រួល។ ជាងនេះទៅទៀត មន្ទីរពេទ្យគឺមានទទួលការព្យាបាលជំងឺគ្រប់ផ្នែក ហើយក៏បានផ្តោតចម្បងលើការជួយអ្នកជំងឺដែលមានជំងឺស្មុគស្មាញ ត្រូវការជំនាញខ្ពស់ ដូចជា (មហារីកសាស្ត្រ) ជំងឺបេះដូង ជំងឺប្រសាទ និងឆ្អឹងសន្លាក់ ដែលជា វិស័យដែលមន្ទីរពេទ្យសិង្ហបុរីរបស់យើងជំនាញបំផុត។ មិនថាជាជំងឺបេះដូងដ៏កម្រ ឬករណីមហារីកពិបាក ឬជំងឺប្រសាទ ការិយាល័យនៅកម្ពុជានឹងតភ្ជាប់អ្នកជំងឺទៅកាន់វេជ្ជបណ្ឌិតឯកទេស ដើម្បីធានាថាពួកគេទទួលបាន ការថែទាំល្អបំផុតតាមការធ្វើរោគវិនិច្ឆ័យ។
«មួយវិញទៀត តម្លាភាព និងតម្លៃសមរម្យ គឺជាអាទិភាពចម្បងរបស់ការិយាល័យរបស់យើង។ការិយាល័យរបស់យើងនឹងផ្តល់តម្លៃប៉ាន់ ស្មានលម្អិតសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យសិង្ហបុរី ដើម្បីឱ្យអ្នកជំងឺ និងក្រុមគ្រួសារអាចរៀបចំផែនការបម្រុងទុកជាមុន។ ដោយប្រើប្រាស់បណ្តាញ និងជំនាញផ្ទាល់ យើងនឹងស្វែងរកជម្រើសព្យាបាលដែលមានតម្លៃសមស្រប ដែលនៅតែរក្សាគុណភាពស្ដង់ដាបំផុត។
ក្នុងនោះក្រុមសម្របសម្រួលថែទាំរបស់យើងនឹងធ្វើការដំណើរការព្យាបាលកាន់តែល្អ ដើម្បីធានាថា អ្នកជំងឺទទួលបានដំណោះស្រាយដែលល្អចំពោះខអ្នកជំងឺ ដោយមិនប៉ះពាល់ដល់គុណភាព»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Jeffrey Law ។
សូមជម្រាបថា IHH Healthcare Singapore (IHH SG) គឺជាការិយាល័យតំណាងឲ្យមន្ទីរពេទ្យធំៗចំនួន៤ប្រចាំប្រទេសសិង្ហបុរី មានដូចជា មន្ទីរពេទ្យ Mount Elizabeth Orchard, Mount Elizabeth Novena, Gleneagles និង Parkway East ដែលមានឯកទេស ដូចជា ជំងឺមហារីក (Oncology), ជំងឺបេះដូង (Cardiology), ជំងឺប្រសាទ (Neurology) និងជំងឺឆ្អឹង និងសន្លាក់ (Orthopedics) ជាមួយបច្ចេកវិទ្យាដែលគាំទ្រដោយវេជ្ជបណ្ឌិតឯកទេសឈានមុខ និងសេវាសុខភាពទំនើបបំផុត។ IHH Healthcare Singapore មានការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនក្នុងការថែទាំដែលមានគុណភាព ដោយគោរពតាមស្តង់ដារអន្តរជាតិដ៏តឹងរឹង ដើម្បីធានាសុវត្ថិភាព និងលទ្ធផលព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺ។ សម្រាប់ការិយាល័យ IHH Healthcare Singapore-Cambodia ស្ថិតនៅអគារលេខ 162 ផ្លូវនរោត្តម កែងផ្លូវ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬទំនាក់ទំនង៖ 023 900 409, 098 531 911, 012 531 911៕