អាណាព្យាបាលនៅអាមេរិក ស្នើសុំព្រឹទ្ធសភាអនុវត្តវិធានការការពារកុមារពីគ្រោះថ្នាក់របស់ AI
17-09-2025 16:16
(បរទេស)៖ នៅក្នុងសវនាការព្រឹទ្ធសភាអាមេរិក ក្រុមមាតាបិតាចំនួនបីគ្រួសារ ដែលកូនៗរបស់ពួកគេបានស្លាប់ឬស្ថិតក្នុងស្ថានភាពសង្គ្រោះ ក្រោយពេលមានការប្រើប្រាស់ chatbots របស់កម្មវិធី AI នានានោះ បានបង្ហាញពីការព្រួយបារម្ភ និងស្នើសុំឲ្យមានច្បាប់ត្រួតពិនិត្យ ដើម្បីការពារកុមារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក Matthew Raine បាននិយាយថា កូនប្រុសរបស់ខ្លួនមានវ័យ១៦ឆ្នាំបានសម្លាប់ខ្លួន បន្ទាប់ពី chatbot មួយបានផ្តល់ព័ត៌មានអំពីវិធីធ្វើអត្តឃាត លោកកំពុងចោទប្រកាន់ Chatbot នោះថាជារបស់ក្រុមហ៊ុន OpenAI។ អ្នកស្រី Megan Garcia បានប្តឹងក្រុមហ៊ុន Character.AI បន្ទាប់ពីកូនប្រុសវ័យ ១៤ ឆ្នាំរបស់លោកស្រីបានចូលរួមជជែកជាមួយ AI chatbot ដែលមានខ្លឹមសារធ្វើឲ្យក្មេងមានអារម្មណ៍អវិជ្ជមាននិងនាំឲ្យកូនរបស់លោកស្រីសម្លាប់ខ្លួន។ ម្តាយម្នាក់ទៀតនៅរដ្ឋតិចសាស (មិនចង់បង្ហាញឈ្មោះ) បានប្រាប់ថា កូនប្រុសរបស់លោកស្រី ត្រូវបានចូលពេទ្យបន្ទាប់ពីមានបញ្ហាផ្លូវចិត្ត ដោយសារ AI chatbot ដែលបានបញ្ចេញខ្លឹមសារបង្កការរំខានផ្លូវចិត្ត។
ឪពុកម្តាយ និងសមាជិកព្រឹទ្ធសភា បានអំពាវនាវឲ្យអនុម័តច្បាប់សុវត្ថិភាព សម្រាប់ AI ដែលរួមមាន៖
* ហាមឃាត់ chatbot ជជែកពីផ្លូវភេទ ឬស្និទ្ធស្នាលជាមួយកុមារ
* កំណត់អាយុអ្នកប្រើ ដោយមានការត្រួតពិនិត្យអាយុស្របច្បាប់
* សាកល្បងសុវត្ថិភាពរបស់ chatbot មុននឹងអនុញ្ញាតឲ្យប្រើជាសាធារណៈ
* មានវិធានការបន្ទាន់ ប្រសិនបើកុមារសម្តែងអារម្មណ៍គ្រោះថ្នាក់ ឬមានគំនិតអត្តឃាត
* ទទួលខុសត្រូវផ្លូវច្បាប់ ប្រសិនបើ AI chatbot បណ្តាលឲ្យកុមាររងគ្រោះថ្នាក់
ជាការឆ្លើយតបពីក្រុមហ៊ុនបច្ចេកវិទ្យា គឺ OpenAI បាននិយាយថា កំពុងធ្វើការកែលម្អសុវត្ថិភាព និងកំពុងសាកល្បងបច្ចេកវិទ្យាដើម្បីប៉ាន់ប្រមាណអាយុអ្នកប្រើ ដើម្បីផ្តល់ chatbot ដែលសមស្របនឹងកុមារ។ Meta ត្រូវបានពិនិត្យពីការសួរសំណួរពីរបៀបដែល chatbot របស់ខ្លួនបានឆ្លើយតបជាមួយកុមារក្នុងទ្រង់ទ្រាយស្និទ្ធស្នាល។ ពួកគេនិយាយថា បានលុបចេញចេញខ្លឹមសារទាំងនោះហើយ។
សភាអាមេរិកអាចនឹងចេញច្បាប់ថ្មី ដើម្បីគ្រប់គ្រង AI chatbot ជាពិសេសសម្រាប់អ្នកប្រើដែលជាកុមារ ដោយអាជ្ញាធរដូចជា FTC អាចបង្កើនការត្រួតពិនិត្យនឹងក្រុមហ៊ុន AI ហើយក្រុមហ៊ុនបច្ចេកវិទ្យា ត្រូវតែបង្ហាញភាពថ្លៃថ្នូរ និងផ្តល់ព័ត៌មានច្បាស់លាស់អំពីរបៀបដំណើរការរបស់ AI និងវិធានសុវត្ថិភាព៕