គ្រូបង្វឹក Slot ទទួលបានកាដូចុងម៉ោង ចំថ្ងៃខួបកំណើតពេល Liverpool ឈ្នះ Atletico បើកឆាក UCL

18-09-2025 09:10

(លីវើភូល)៖ ហង្សក្រហម Liverpool បានយកឈ្នះភ្ញៀវ Atletico Madrid ៣-២ បើកឆាកពានអឺរ៉ុប UEFA Champions League 2025-26 ប្រៀបដូចជាកាដូសម្រាប់អ្នកចាត់ការទូទៅ លោក Arne Slot ដែលបានឈានចូលវ័យ ៤៧ឆ្នាំយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងប្រកួតពេញម៉ោងនៅកីឡដ្ឋាន Anfield របស់ខ្លួន ក្រុមជើងឯកលីគអង់គ្លេសមួយនេះ បានបើកការនាំមុខក្រុមមកពីលីគអេស្ប៉ាញ Atletico ២ទល់នឹង០ ផងដែរ ក្នុងវគ្គ League Phase។

ទោះជាយ៉ាងណា កូនក្រុមរបស់លោក Diego Simoene បានវាយបកតាមស្មើ ២-២ នៅវគ្គទី២ វិញ មុនពេលប្រធានក្រុម Virgil van Dijk បានតែតគ្រាប់ជ័យជម្នះសម្រាប់ក្រុមអតីតជើងឯក UCL ឆ្នាំ២០១៩ Liverpool នៅនាទី៩០+៣ ហើយវាក៏ជាគ្រាប់ទី៤ ចុងម៉ោងរបស់ខ្សែការពារអន្តរជាតិហូឡង់រូបនេះទៀតផង។

នៅក្នុងជំនួបធំនោះដែរ លោក Slot ដែលកំពុងដឹកនាំ Liverpool ក្នុងរដូវកាលទី២ របស់លោក ក៏បានដាក់កីឡាករថ្លៃជាងគេនៅអង់គ្លេស Alexander Isak តម្លៃ ១២៥លានផោនក្នុងជម្រើស ១១នាក់ដំបូងរបស់បុរសសញ្ជាតិហូឡង់ផងដែរ ដោយពុំទាន់រកបានគ្រាប់បាល់ ក៏ប៉ុន្តែបំពេញតួនាទីបានយ៉ាងល្អ៕