Man Utd បញ្ចេញរបាយការណ៍ប្រាក់ចំណូលបំបែកកំណត់ត្រា ទោះស្ថិតក្នុងទម្រង់លេងយ៉ាប់យឺនក៏ដោយ
18-09-2025 09:17
(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់អាជីព Manchester United រកបានចំណូលដុលសរុប ៦៦៦.៦លានផោន បំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីឆ្នាំទៅ បើទោះបីជាមានទម្រង់ត្រដាបត្រដួសនៃក្រុមផ្នែកបុរសរបស់ពួកគេក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជាការកត់សម្គាល់ផងដែរ ក្រុមបិសាចក្រហមមួយនេះបានបញ្ចប់ក្នុងតំណែងលេខ១៥ នៅលីគអង់គ្លេស Premier League នារដូវកាលឆ្នាំ២០២៤-២៦ ជាហេតុធ្វើឱ្យ United ពុំមានកៅអីលេងពានអឺរ៉ុបណាមួយឡើយសម្រាប់រដូវកាលថ្មីនេះ។
វាជារដូវកាលដ៏អាក្រក់អាក្រីមួយរបស់ពួកគេផងដែរ គិតចាប់តាំងពីក្រុមប្រចាំទីក្រុង Manchester នេះ ត្រូវបានកាត់ចេញលីគនៃរដូវកាល ១៩៧៣-៧៤ មក។
ទោះជាយ៉ាងណា ការទទួលបានដៃគូឧបត្ថម្ភថ្មីនៅលើអាវរបស់ពួកគេដែលមានរយៈពេល ៥ឆ្នាំ បានញាំងឱ្យចំណូលពីពាណិជ្ជកម្មរបស់ United បានហក់ឡើងដល់ទៅ ៣៣៣.៣លានផោន និងចំណូលពីការប្រកួត ១៦០.៣លានផោនទៀតផង គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
បើផ្អែកទៅតាមភ្នាក់ងារស្រាវជ្រាវ Daloitte ដែលបានចេញផ្សាយកាលពីខែមករា ឆ្នាំ២០២៥ បានបង្ហាញថា Man Utd ឈរនៅលេខរៀងទី៤ ក្នុងចំណោមក្លឹបរកបានចំណូលច្រើនជាងគេលើលោកផ្នែកបាល់ទាត់ ដោយមានរហូតដល់ទៅ ៦៥១លានផោនឯណោះកាលពីឆ្នាំទៅ៕