Microsoft វាយលុកបិទបណ្តាញបោកបញ្ឆោតតាមអនឡាញដ៏ធំមួយ ដែលបានលួចទិន្នន័យគណនីរាប់ពាន់
18-09-2025 09:25
(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួនបានវាយលុកនិងបិទគេហទំព័រជិត ៣៤០ ដែលជាប់ពាក់ព័ន្ធជាមួយសេវាកម្មបោកបញ្ឆោតតាមអនឡាញដ៏ធំមួយឈ្មោះ Raccoon0365។ បណ្តាញនេះមានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ា ហើយបានលួចយកព័ត៌មានគណនីរបស់អ្នកប្រើប្រាស់ Microsoft យ៉ាងតិច ៥,០០០ នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

សេវាកម្ម Raccoon0365 ដំណើរការតាមរយៈឆានែលឯកជនមួយនៅលើកម្មវិធី Telegram ដែលមានអ្នកជាវជាង ៨៥០ នាក់។ ចាប់តាំងពីចាប់ផ្តើមក្នុងខែកក្កដា ឆ្នាំ២០២៤ មក បណ្តាញនេះរកចំណូលបានជាង ១០០,០០០ ដុល្លារ ជាប្រភេទរូបិយប័ណ្ណគ្រីបតូ។ ពួកគេប្រើវិធីសាស្ត្រធ្វើត្រាប់តាមម៉ាកយីហោល្បីៗ រួចបញ្ឆោតជនរងគ្រោះឱ្យបញ្ចូលព័ត៌មានសម្ងាត់នៅលើទំព័រចូល (login page) ក្លែងក្លាយ។
លោក Steven Masada មកពីអង្គភាពឧក្រិដ្ឋកម្មឌីជីថលរបស់ Microsoft បានលើកឡើងថា៖ «ឧក្រិដ្ឋជនតាមអនឡាញមិនចាំបាច់មានជំនាញខ្ពស់ដើម្បីបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនោះទេ។ ឧបករណ៍សាមញ្ញដូចជា Raccoon0365 ធ្វើឱ្យឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតអាចចូលដល់ស្ទើរតែគ្រប់គ្នា ដែលធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់មានហានិភ័យ»។
បណ្តាញនេះបានកំណត់គោលដៅទៅលើវិស័យឧស្សាហកម្មជាច្រើន រួមទាំងអង្គការសុខាភិបាលយ៉ាងហោចណាស់ ២៥ ផងដែរ។ លោក Errol Weiss ប្រធានផ្នែកសន្តិសុខនៃ Health-ISAC បានពន្យល់ពីគ្រោះថ្នាក់នេះថា៖ «ការវាយប្រហារភាគច្រើនចាប់ផ្តើមពីការដែលនរណាម្នាក់បានផ្តល់ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់ពួកគេទៅឱ្យជនអាក្រក់។ នៅពេលដែលឧក្រិដ្ឋជនតាមអ៊ីនធឺណិតនោះមានសិទ្ធិចូលទៅកាន់បណ្តាញ នោះអ្វីៗដែលកើតឡើងបន្ទាប់គឺអាស្រ័យលើការស្រមើលស្រមៃរបស់ពួកគេតែប៉ុណ្ណោះ»។
គួរជម្រាបថា ដើម្បីទប់ស្កាត់ការគំរាមកំហែងនេះ ក្រុមហ៊ុន Microsoft បានធ្វើការជាមួយតុលាការសហរដ្ឋអាមេរិកដើម្បីបិទគេហទំព័រទាំងនេះ ហើយថែមទាំងសហការជាមួយក្រុមហ៊ុន Cloudflare និង U.S. Secret Service ដើម្បីបញ្ឈប់ប្រតិបត្តិការរបស់ Raccoon0365 ទាំងស្រុង។ លោក Blake Darché ប្រធានផ្នែកស៊ើបអង្កេតការគំរាមកំហែងនៅ Cloudflare បានសង្កត់ធ្ងន់ថា៖ «ពួកគេបានចូលទៅក្នុងគណនីរបស់មនុស្សជាច្រើន ហើយបានលួចទិន្នន័យមនុស្សជាច្រើនទៀត។ ដូច្នេះហើយ វាពិតជាត្រូវតែបញ្ឈប់ជាបន្ទាន់»៕