សហព័ន្ធបញ្ចេញយុវជនបាទី ៣រូបទៀត ក្រោយបញ្ចប់ការសិក្សា និងហ្វឹកហាត់ដោយជោគជ័យ ជាជម្រើសសម្រាប់ក្លឹបអាជីព
18-09-2025 10:35
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសរំសាយកីឡាករយុវជនអាយុក្រោម ១៨ឆ្នាំចំនួន ៣រូបទៀតហើយ រួមមានកីឡាករ ស៊ូ មេងហុង, រូ ស៊ីធន់ និង ទ្រី ស៊ីណារិន្ទ បន្ទាប់ពីកីឡាករវ័យក្មេងទាំង ៣ បានបញ្ចប់ការរិក្សា និងការហ្វឹកហាត់ដោយជោគជ័យ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ(បាទី)។

យោងតាមការជូនដំណឹងរបស់សហព័ន្ធនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ បានបញ្ជាក់ថា «កីឡាករយុវជនអាយុក្រោម១៨ឆ្នាំ នៃមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ ត្រូវបញ្ចប់ការសិក្សា និងការហ្វឹកហាត់ចំនួន ៣នាក់ ដោយនឹងត្រូវរំសាយទៅកាន់ក្លិប/សមាគមរបស់យុវជនទាំងនោះវិញ»។
ទន្ទឹមជាមួយគ្នា សហព័ន្ធក៏បានជូនដំណឹងដល់ក្លិប/សមាគមកីឡាបាល់ទាត់ ជាសមាជិករបស់សហព័ន្ធ ដែលមានបំណងចង់ចុះកិច្ចសន្យាជាមួយនឹងយុវជនទាំងនេះ ដើម្បីបន្តអាជីពនៅក្នុងក្លិប/សមាគមរបស់ខ្លួន អាចធ្វើការទាក់ទងជាមួយនឹងកីឡាករទាំង ៣នាក់ តាមរយៈសហព័ន្ធបាន ដើម្បីទទួលនូវព័ត៌មានពាក់ព័ន្ធលក្ខខណ្ឌផ្សេងៗក្នុងការរៀបចំធ្វើកិច្ចសន្យា។
គួរដឹងថា មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ គឺជាជំរំបណ្ដុះបណ្ដាលថ្នាលយុវជនបន្ដវេន ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ។ រយៈពេលប្រមាណ ១០ឆ្នាំមកនេះ សាលាបាល់ទាត់នៅមូលដ្ឋាននៅស្រុកបាទី ខេត្តតាកែវ នេះ បានផលិតធនធានកីឡាករល្អៗជាច្រើន ជាក់ស្ដែងមាន សៀង ចន្ធា, ហ៊ុល គឹមហ៊ុយ និងកីឡាករជាច្រើនទៀត ដែលសហព័ន្ធបានប្រកាសរំសាយរៀងរាល់ឆ្នាំ ក្រោយបញ្ចប់ការសិក្សា និងហ្វឹកហាត់នៅទីនោះ៕