Amazon បណ្តាក់ទុនជាង ១ ពាន់លានដុល្លារ ដំឡើងប្រាក់ខែ និងកាត់បន្ថយថ្លៃព្យាបាលរបស់បុគ្គលិក

18-09-2025 13:55

(បរទេស)៖ ក្រុមហ៊ុន Amazon បានប្រកាសពីការវិនិយោគទឹកប្រាក់ជាង ១ ពាន់លានដុល្លារ ដើម្បីបង្កើនប្រាក់ខែ និងកាត់បន្ថយថ្លៃចំណាយលើការថែទាំសុខភាពសម្រាប់បុគ្គលិកផ្នែកដឹកជញ្ជូន និងស្តុកទំនិញនៅសហរដ្ឋអាមេរិក។ ការវិនិយោគនេះ គឺដើម្បីជួយឱ្យប្រាក់ចំណូលសរុបជាមធ្យមរបស់បុគ្គលិកកើនឡើងដល់ជាង ៣០ដុល្លារ ក្នុងមួយម៉ោង រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បានបញ្ជាក់ថា ប្រាក់ខែជាមធ្យមរបស់បុគ្គលិកនឹងកើនឡើងដល់ជាង ២៣ដុល្លារ ក្នុងមួយម៉ោង ដែលធ្វើឱ្យបុគ្គលិកពេញម៉ោងទទួលបានការដំឡើងប្រាក់ខែជាមធ្យមប្រហែល ១,៦០០ដុល្លារ ក្នុងមួយឆ្នាំ។

ចាប់ពីឆ្នាំ ២០២៦ តទៅ ក្រុមហ៊ុនក៏នឹងកាត់បន្ថយថ្លៃបង់ប្រចាំសប្តាហ៍សម្រាប់ការធានារ៉ាប់រងសុខភាពកម្រិតដំបូងមកត្រឹម ៥ដុល្លារ ក្នុងមួយសប្តាហ៍ ហើយថ្លៃសេវាព្យាបាលក៏នៅត្រឹម ៥ដុល្លារ សម្រាប់ការទៅពិនិត្យម្ដងៗផងដែរ។ ការកាត់បន្ថយនេះនឹងជួយបុគ្គលិកចំណេញប្រាក់ប្រចាំសប្តាហ៍បានដល់ទៅ ៣៤%។

គួរជម្រាបថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ពីសំណាក់បុគ្គលិកកាលពីឆ្នាំមុន ជុំវិញលក្ខខណ្ឌការងារ និងបញ្ហាប្រាក់ខែ។ ក្រៅពីនេះ ក្រុមហ៊ុន Amazon ក៏បានយល់ព្រមអនុវត្តវិធានការសុវត្ថិភាពនៅកន្លែងការងាររបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាឈឺខ្នង និងរបួសផ្សេងៗរបស់បុគ្គលិកផងដែរ៕