កូនស្រីរបស់អតីតតារាសម្ដែងដ៏ល្បី កែវ កល្យាណ ក្ដាប់បានតំណែងតួឯកក្នុងភាពយន្តលើកដំបូងរឿង «បេសកកម្មស្នេហ៍»

18-09-2025 14:21

(ភ្នំពេញ)៖ កូនស្រីបង្កើតរបស់អតីតតារាសម្ដែងល្បីល្បាញក្នុងទសវត្សឆ្នាំ៨០ កែវ កល្យាណ គឺតារាសម្ដែង កែវ ឡាវិញ ស្រាប់តែក្ដោបក្ដាប់បានតំណែងជាតួឯកស្រី ក្នុងភាពយន្តលើកដំបូងរបស់ខ្លួន មានចំណងជើងថា «បេសកកម្មស្នេហ៍» របស់ផលិតកម្ម មហាហង្ស ហើយបានធ្វើពិធីបើកសម្ពោធចាក់បញ្ចាំង នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅរោងភាពយន្តព្រីមស៊ីផ្លេច ខណ្ឌទូលគោក រាជធានីភ្នំពេញ បន្ទាប់ពីរឿងនេះកប់ទុកអស់រយៈពេលជាង៥ឆ្នាំ ដោយក្នុងកម្មវិធីមានការអញ្ជើញចូលរួមពីសំណាក់ផលិតករ, តារាសម្ដែង, ក្រុមការងាររបស់ផលិតកម្ម មហាហង្ស និងទស្សនិកជនជាច្រើននាក់។

តារាសម្ដែងក្មេងវ័យក្មេង និងជាគ្រាប់ពេជ្រក្នុងវិស័យសិល្បៈខ្មែរ កែវ ឡាវិញ បានថ្លែងប្រាប់ឲ្យដឹងថា សម្រាប់ភាពយន្តលើកដំបូងរបស់ខ្លួននេះ គឺនាងទទួលបាននូវបទពិសោធន៍សម្ដែងច្រើន ពីអ្នកដឹកនាំ ជាពិសេសពីតារាសម្ដែងដូចគ្នា។ ម្យ៉ាងវិញទៀតម្ដាយរបស់ខ្លួន ដែលជាតារាសម្ដែងជើងចាស់ដ៏ល្បីផងនោះ ក៏បានពន្យល់ណែនាំច្រើនបន្ថែមទៀត ទៅលើការចង់ធ្វើអាជីពជាតារាសម្ដែងសិល្បៈឲ្យល្បីដូចជារូបខ្លួន។ ម្ដាយរបស់ ឡាវិញ បានប្រាប់ឡាវិញថា ពេលសម្ដែង គឺត្រូវសម្ដែងឲ្យអស់ពីចិត្តអស់ពីអារម្មណ៍ ដាក់ខ្លួនឲ្យជ្រៅ មិនថាសម្ដែងជាតួអ្វីនោះទេ ហើយត្រូវចេះតស៊ូក្រាញននាលកុំខ្លាចនឿយហត់ ព្រោះអ្នកសម្ដែងភាពយន្ត មុននឹងមានឈ្មោះល្បី គឺត្រូវឆ្លងកាត់ឧបសគ្គច្រើនណាស់។

តារាសម្ដែងពោរពេញដោយសមត្ថភាព​ កែវ ឡាវិញ បានបន្តថា អ្វីដែលនាងចងចាំមិនភ្លេចក្នុងភាពយន្តរឿង បេសកកម្មស្នេហ៍ គឺអ្នកដឹកនាំរឿងឲ្យនាងសម្ដែងត្រង់ឈុតថើបតួប្រុស ដែលធ្វើឲ្យអៀនខ្លាំង និងពិបាកសម្រេចចិត្ត រហូតសម្រក់ទឹកភ្នែកដល់ទៅរយៈពេលជាង១ម៉ោង ទើបសម្រេចចិត្តថតឈុតនេះ ព្រោះជាលើកដំបូងហើយដែលនាងថើបមនុស្សប្រុស។ ចាប់តាំងពីថតរឿងនេះចប់មក គឺមានរយៈពេលជាង ៥ឆ្នាំមកហើយ ដែលផលិតកម្មបានលាក់ទុកមិនដាក់បញ្ចាំង ព្រោះតែជួបប្រទះនូវស្ថានភាពកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចរបស់ផលិតកម្ម ហើយទើបតែថ្ងៃនេះបានឱកាសដាក់បញ្ចាំង ធ្វើឲ្យនាងនឹកស្មានមិនដល់។

តារាសម្ដែង កែវ ឡាវិញ បានបន្តថា ក្រៅពីភាពយន្តលើកទី១នេះ នាងនៅមានស្នាដៃសម្ដែងភាពយន្តជាច្រើនទៀត ដែលមិនទាន់ត្រូវបានដាក់បញ្ចាំង និងមានភាពយន្តខ្លះក៏បានដាក់បញ្ចាំងរួចហើយ។ ទោះបីរឿង បេសកកម្មស្នេហ៍ ជាភាពយន្តដែលបានកប់ទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែនាងដាក់ក្ដីរំពឹងថា នឹងទទួលបានជោគជ័យ ទទួលបានការគាំទ្រច្រើនពីមហាជន ពិសេសគឺយុវវ័យ ព្រោះតែរឿងនេះ គឺបានបង្ហាញពីស្នេហាយុវវ័យ ប្រវត្តិស្នេហ៍របស់យុវវ័យ បង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ អាចធ្វើឲ្យអ្នកដែលបានទស្សនាស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។

ដោយឡែកចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៉ិន សុភិន បានថ្លែងប្រាប់ឲ្យដឹងថា ភាពយន្តរឿង «បេសកម្មស្នហ៍» ជាសាច់រឿងបែបមនោសញ្ចេតនាជ្រាលជ្រៅ ស្វីតៗ លាយកំប្លែងខ្លះៗ របស់យុវ័យ ធ្វើឲ្យអ្នកទស្សនាញញឹមមិនដឹងខ្លួន តាំងពីដើមរហូតដល់ចប់ ហើយក៏ជារសជាតិថ្មីមួយដែលអ្នកគាំទ្រស្នាដៃរបស់ផលិតកម្ម មហាហង្ស មិនធ្លាប់បានទស្សនាពីមុនមក។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ភាពយន្តបែបមនោសញ្ចេតនាមួយនេះ ក៏មានការចូលរួមសម្ដែងដោយអ្នកនាង កែវ ឡាវីញ ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតតារាសម្ដែងឆ្នើមអ្នកស្រី កែវ កល្យាណ។ លោកធានាថា សាច់រឿងមិនឲ្យអ្នកទស្សនាខកចិត្តនោះឡើយ ខណៈតួម្ដែងក៏ស៊ីទៅនឹងសាច់រឿង បែបមនោសញ្ចេតនាស្នេហាយុវវ័យ។

លោក អ៉ិន សុភិន បានបន្តទៀតថា នេះក៏ភាពយន្តដែលផលិតកម្ម មហាហង្ស រំពឹងពីភាពជោគជ័យ ដោយសារតែបង្កប់ដោយភាពកំប្លុកកំប្លែងច្រើន ហើយផលិតកម្មក៏សន្យថា នឹងខិតខំផលិតភាពយន្តថ្មីៗ ជូនដល់អ្នកគាំទ្រមិនឱ្យខកចិត្តនោះឡើយ។ ក្រៅពីសាច់រឿងល្អមើលសើចខ្លះ ស្វីតៗខ្លះ និងលាយឡំស្នេហានេះ ក្នុងផ្ទៃរឿងក៏មានអត្ថន័យខ្លឹមសារអប់រំដល់យុវវ័យជាច្រើន។ ខ្សែភាពយន្តមួយនេះ បានថតបញ្ចប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែមានឱកាសក្នុងការដាក់បញ្ចាំងជាផ្លូវការ។ លោកបន្តទៀតថា ទោះបីជាខ្សែភាពយន្ត បែបមនោសញ្ចេតនានៅលើទីផ្សាររោងកុន មិនសូវមានការគាំទ្រខ្លាំងក៏ពិតមែន ប៉ុន្តែលោកនៅតែមានការរំពឹងខ្ពស់ថា រឿងរបស់លោកដែលកំពុងតែធ្វើការដាក់សម្ពោធបញ្ចាំងជាផ្លូវការនេះ នឹងទទួលបានការគាំទ្រខ្លាំងពីមហាជន។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «បេសកកម្មស្នេហ៍» ទោះបីជាបានធ្វើការបើកសម្ពោធជាផ្លូវការក៏ពិតមែន ប៉ុន្តែមិនទាន់បើកលក់សំបុត្រនោះទេ ពោលគឺទាល់តែដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយឱកាសពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ ទើបបើកលក់សំបុត្រជាផ្លូវការនៅគ្រប់រោងភាយន្តទាំងអស់។ ទាំងផលិតករ ទាំងតារាសម្ដែងសុទ្ធសឹងតែអំពាវនាវដល់មហាជន ចូលរួមគាំទ្រភាពយន្តខ្មែរឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យភាពយន្តរបស់យើងទាំងអស់គ្នា៕