រដ្ឋាភិបាលជប៉ុន នឹងពិចារណាថា ត្រូវអនុញ្ញាតឱ្យកូរ៉េខាងជើងចូលរួម Asian Games 2026 ដែរឬទេ

18-09-2025 16:29

(ជប៉ុន)៖ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា នឹងមានកិច្ចពិភាក្សាក្នុងការពិចារណាថា តើត្រូវអនុញ្ញាតឱ្យអត្តពលិកកូរ៉េខាងជើងចូលរួមក្នុងកីឡា Asian Games នៅឆ្នាំក្រោយនៅទីក្រុងណាហ្គោយ៉ាដែរឬទេ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបង្ហាញចេតនារបស់ខ្លួនក្នុងចូលរួម។

ប្រទេសជិតខាងគ្នាខាងលើ មិនមានទំនាក់ទំនងការទូតល្អណាមួយនោះទេ ហើយកូរ៉េខាងជើង គឺជាប្រទេសដែលមិនមានវត្តមាននៅពេលដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ចុងក្រោយក្នុងឆ្នាំ១៩៩៤ ដ្បិតឆ្នាំ២០២៣ កូរ៉េខាងជើងបានឈ្នះមេដាយសរុប ៣៩គ្រឿង មានមេដាយមាស ១១គ្រឿងពីទឹកដីចិន ។

លោក Yoshimasa Hayashi ដែលជាប្រធានលេខាធិការខុទ្ទកាល័យជប៉ុន (Japan's chief cabinet secretary) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ Asian Games បានពិគ្រោះយោបល់ជាមួយក្រសួងកីឡា អំពីការចូលរួមរបស់អត្តពលិកកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍នេះ ហើយរដ្ឋាភិបាលកំពុងស្ថិតក្នុងដំណើរការពិចារណាលើសំណើនេះ តាមរយៈការពិគ្រោះយោបល់នៅតាមក្រសួងនានា»

យោងតាមប្រភពសារព័ត៌មាន Kyodo News បានដកស្រង់ចេញពីប្រភពដែលដឹងអំពីបញ្ហានេះ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបង្ហាញពីចេតនារបស់ពួគេក្នុងការបញ្ជូនអត្តពលិកប្រហែល ១៥០នាក់ទៅចូលរួមប្រកួតក្នុង ១៧វិញ្ញាសាប្រកួត ព្រឹត្តិការណ៍ Asian Games 2026 ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី០៤ ខែតុលា ៕