ផ្លូវការ! អេស្ប៉ាញ ឡើងឈរលេខ១ ក្នុងតារាង FIFA World Ranking រុញអាហ្សង់ទីន ធ្លាក់មកលេខ៣
18-09-2025 17:28
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានឡើងទៅឈរទីកំពូលតារាងចំណាត់ថ្នាក់ពិភពលោកវិញ របស់ FIFA គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដោយបានទម្លាក់ម្ចាស់ជើងឯក World Cup 2022 គឺពពកសអាហ្សង់ទីន ធ្លាក់មកលេខ៣។

យោងតាមការធ្វើបច្ចុប្បន្នភាពរបស់ FIFA នាថ្ងៃទី១៨ ខែកញ្ញានេះបានបង្ហាញនៅគេហទំព័រផ្លូវការរបស់សហព័ន្ធតែម្តង នៅពេលដែលក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូង អាហ្សង់ទីន ដែលមាន Lionel Messi បានកាន់កាប់តំណែងកំពូលតារាងនេះអស់ជាង ២ឆ្នាំមកហើយ មុនពេលត្រូវបានជំនួសមកវិញដោយក្រុមជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 គឺអេស្ប៉ាញ។
ទន្ទឺមគ្នានោះដែរ មាន់គកបារាំងបានឡើងឈរលេខ២ ដែលជាអតីតទីតាំងរបស់អេស្ប៉ាញ ក្នុងនាមជាក្រុមរងជើងឯក World Cup 2022 នៅប្រទេសកាតា និងកំពុងធ្វើបានល្អផងដែរ នៃវគ្គជម្រុះប្រជែងកៅអីទៅ World Cup 2026។
បើនិយាយពីតំបន់ Top-10 វិញនៃ FIFA World Ranking វិញ គេសង្កេតឃើញថា មានក្រុមមកពីតំបន់អាមេរិកឡាទីនតែ ២ប្រទេសប៉ុណ្ណោះ ពោលគឺអាហ្សង់ទីន និងសាំបាប្រេស៊ីល ក្រៅពីនេះ គឺក្រុមស្ថិតនៅទ្វីបអឺរ៉ុបទាំងអស់តែម្តងមានដូចជា អង់គ្លេស ព័រទុយហ្គាល់ ហូឡង់ ក្រូអាត ប៊ែលហ្សិក និងអ៉ីតាលី ខណៈគោព្រៃកម្ពុជា បន្តស្ថិតនៅលេខរៀងទី១៨០ ដដែល។
គួរបញ្ជាក់ផងថា FIFA នឹងធ្វើបច្ចុប្បន្នភាពជាថ្មីទៀត នៅរយៈពេល ៣៥ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥៕