លោកបណ្ឌិត ថោង ខុន៖ រដ្ឋបាលកីឡា ជាមូលដ្ឋានដ៏សំខាន់ ក្នុងការដឹកនាំគ្រប់គ្រងអង្គភាពកីឡាប្រកបដោយតម្លាភាព សុចរិតភាព និងអភិបាលកិច្ចល្អ
19-09-2025 09:30
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកវគ្គរដ្ឋបាលកីឡា គឺជាមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អ ស្របដើម្បីធានាប្រសិទ្ធភាពការងារកីឡាឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗ ឲ្យទទួលបានភាពប្រកួតប្រជែងស្មើគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក នាពេលអនាគត។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា បន្ទាប់ពីដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គនេះ មានសិក្ខាកាម ៥៦នាក់ចូលរួម ដែលភាគច្រើនជាមន្ដ្រីសហព័ន្ធជាតិចូលរួម ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក និងបង្រៀនដោយគ្រូឧទ្ទេសជាច្រើន ដែលមានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំ ក្នុងនោះក៏មានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ផងដែរ។
លោកបណ្ឌិត ថោង ខុន បន្ដថា ការចូលរួមវគ្គនេះ សិក្ខាកាមទាំងអស់ ក៏បានយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អរបស់ចលនាអូឡាំពិក ដែលជាគោលការណ៍គន្លឹះសំខាន់តម្រូវឲ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិអនុវត្តឲ្យខ្ជាប់ខ្ជួន ដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។
រដ្ឋបាលកីឡា ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាម រដ្ឋបាលកីឡាអន្តរជាតិ មានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្រ្ត និងអភិវឌ្ឍកីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ក៏ប៉ុន្តែរាល់ការអនុវត្តត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព អនុលោមភាពទៅនឹងគោលការណ៍គ្រឹះកីឡាអន្តរជាតិ និងធម្មនុញ្ញអូឡាំពិកអន្តរជាតិ នោះទើបកីឡាមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកទេសរដ្ឋមន្ដ្រីបន្ថែមថា «វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា អាចឲ្យប្អូនៗសិក្ខាកាម យកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកត្តាសំខាន់ គឺត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឲ្យបានត្រឹមត្រូវ និងបន្តចែករំលែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែង ក្នុងការកសាងនិងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ»។
បន្ថែមលើនេះ លោកក៏បានអំពាវនាវដល់សិក្ខាកាមដែលបានបញ្ចប់វគ្គរដ្ឋបាលកីឡាខាងលើ ក៏ដូចជាថ្នាក់ដឹកនាំកីឡាផ្សេងទៀត ត្រៀមខ្លួនចូលរួមវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ (Advanced Sports Management Course) ដែលជាវគ្គកម្រិតទី២ ជាលើកដំបូង ដែល NOCC គ្រោងនឹងរៀបចំក្នុងឆ្នាំនេះ សម្រាប់មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក។
សូមបញ្ជាក់ថា ក្រោយដំណើរការសិក្សារយៈពេល ៤ថ្ងៃ ជាលទ្ធផល មានសិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ ចំនួន ៤០នាក់ ស្មើនឹង ៧១%, និទ្ទេសល្អចំនួន ៧នាក់ ស្មើនឹង ១៣% និងនិទ្ទេសមធ្យមចំនួន ៩នាក់ ស្មើនឹង ១៦%៕