Jose ត្រឡប់មកដឹកនាំក្លឹប Benfica វិញ ជាទីដែលលោកផ្តើមអាជីពអ្នកចាត់ការទូទៅ ក្នុងរយៈពេល ២៥ឆ្នាំ
19-09-2025 10:09
(បរទេស)៖ លោក Jose Mourinho បានវិលត្រឡប់មកកាន់ការងារគ្រូបង្វឹកក្លឹប Benfica ក្រោយពេលចាកចេញអស់រយៈពេល ២៥ឆ្នាំមកនេះ ជាក្លឹបដែលលោកផ្តើមអាជីពបង្វឹកលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា Benfica ក៏ជាក្លឹបទី៣ នៃប្រទេសព័រទុយហ្គាល់ដែលលោកធ្វើការ មុនពេលទៅដឹកនាំ Uniao de Leiria និង FC Porto ផងនោះ។
បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៦២ឆ្នាំរហស្សនាម «special one» បានឈ្នះពានជាច្រើនជាមួយនឹងក្លឹបនានានៅទូទាំងអឺរ៉ុបរួមមាន UEFA Champions League ២ដង ពានរង្វាន់ UEFA Cup, Europa League និង Conference League ១លើកដូចគ្នា ជាមួយនឹងពានលីគសរុបមានដល់ទៅ ៨លើក ក្នុងចំណោម ១០ក្លឹបផ្សេងគ្នា។
លោក Jose នៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកគាំទ្រនៅព័រទុយហ្គាល់ដែលធ្លាប់ដឹកនាំ Porto ឈ្នះពាន UCL និងពាន៣ ក្នុង ១រដូវកាលផងដែរជាមួយ Inter Milan នៅប្រទេសអ៉ីតាលី និងបន្តធ្វើបានល្អថែមទៀត ក្នុងការដឹកនាំក្លិបធំៗមានដូចជា Chelsea, Real Madrid និង Manchester United ជាដើម។
ការវិលមកកាន់តួនាទីបង្វឹក Benfica ជាលើកទី២ នេះដែរ ស្របពេលក្លឹបស្ថិតនៅទីក្រុង Lisbon មួយនេះសំបូរទៅដោយកីឡាករល្អៗ ប្រសិនបើ Mourinho ដឹកនាំមិនឈ្នះពាន នោះនឹងប្រឈមនឹងការបណ្តេញចេញ៕