ក្រុមហ៊ុនបច្ចេកវិទ្យា DeepSeek របស់ចិន ចំណាយប្រាក់តែ ២៩៤,០០០ ដុល្លារ ដេីម្បីបណ្ដុះបណ្តាលម៉ូដែល AI ថ្មីរបស់ខ្លួន
19-09-2025 10:16
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា DeepSeek របស់ចិន បានបង្ហាញថាខ្លួនចំណាយប្រាក់តែ ២៩៤,០០០ ដុល្លារ ដេីម្បីបណ្ដុះបណ្តាលម៉ូដែល AI ថ្មី ដែលកំពុងមានប្រជាប្រិយភាព។ តម្លៃនេះ ត្រូវបានគេពិចារណាថា ទាបជាងគូប្រកួតនៅសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលតែងតែចំណាយជាច្រើនសែនលានដុល្លារសម្រាប់បណ្ដុះម៉ូដែលធំៗ។

តាមរបាយការណ៍របស់ DeepSeek ម៉ូដែល R1 ត្រូវបានបណ្ដុះបណ្តាលដោយប្រើកាតក្រាហ្វិក Nvidia H800 ចំនួន ៥១២ គ្រាប់ជាការប្រមូលផ្តុំ ហើយចំណាយពេលត្រឹមតែ ៨០ម៉ោងប៉ុណ្ណោះ។ ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនក៏បានប្រើកាត A100 សម្រាប់ការសាកល្បងផងដែរ។ ម៉ូដែល R1 ត្រូវបានគេពិពណ៌នាថា ជា AI ផ្តោតលើការទាញហេតុផល (reasoning) ដែលអាចដោះស្រាយបញ្ហាគណិតវិទ្យា កូដកម្មវិធី និងភារកិច្ចចម្រុះផ្សេងៗ។ វាប្រើបច្ចេកទេស reinforcement learning ដើម្បីអោយ AI អភិវឌ្ឍតាមរបៀប “សាកល្បង និងកែតម្រូវ” ដោយមានការផ្តល់រង្វាន់ប្រសិនបើឆ្លើយត្រឹមត្រូវ។
អ្នកវិភាគបានបញ្ជាក់ថា បើការអះអាងនេះពិតប្រាកដ នោះវានឹងអាចប្តូរគំនិតនៅក្នុងឧស្សាហកម្ម AI ព្រោះបង្ហាញថា ការបណ្ដុះម៉ូដែលមានប្រសិទ្ធភាពមិនចាំបាច់ចំណាយថ្លៃដល់សែនលានដុល្លារទេ។ ទោះយ៉ាងណា មានអ្នកជំនាញខ្លះសង្ស័យ ព្រោះចំនួន ២៩៤,០០០ ដុល្លារនេះ គ្រាន់តែជាចំណាយ សម្រាប់ដំណាក់កាលបណ្ដុះបណ្តាលផ្ទាល់ មិនរាប់បញ្ចូលចំណាយស្រាវជ្រាវ អភិវឌ្ឍន៍ ការរៀបចំទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទេ។ ការចំណាយទាបនេះ ក៏កើតឡើងក្នុងបរិបទដែលចិនកំពុងជួបការរឹតបន្តឹងផ្នែកឧបករណ៍បច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ដោយកាត់ផ្គត់ផ្គង់ GPU ប្រភេទខ្លាំងៗដូចជា H100 និង A100។ ដោយហេតុនេះ DeepSeek បានជ្រើសប្រើ H800 ជាឧបករណ៍ចម្បង។
អ្នកជំនាញនិយាយថា ប្រសិនបើទិន្នន័យនេះត្រូវបានបញ្ជាក់ថា ពិតប្រាកដ នោះវាអាចបង្កើនសម្ពាធដល់ក្រុមហ៊ុនធំៗ ដូចជា OpenAI ឬ Anthropic ដែលតែងតែប្រើថវិកាបណ្ដុះបណ្តាលម៉ូដែលក្នុងកម្រិតជាង ១០០ លានដុល្លារឡើងទៅ៕