Trump និង Murphy ជ្រុះចេញពីកម្មវិធី English Open 2025 ដូចគ្នា ក្នុងជុំទី៥

19-09-2025 10:44

(ឡុងដ៍)៖ Judd Trump កីឡាករស្នូកឃ័រឈរនៅលំដាប់លេខ១ ពិភពលោក បានហាលអាវពីព្រឹត្តិការណ៍ English Open 2025 នៅពេលចាញ់គូប្រជែង Elliot Slessor ខណៈ Shaun Murphy បានបរាជ័យក្រោមស្នាដៃរបស់ Jackson Page ពីក្នុងវគ្គ ១៦នាក់ដូចគ្នា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអង់គ្លេស Trump នៅតែមិនអាចឈ្នះពានណាមួយឡើយ គិតចាប់តាំងពីដណ្តើមបានជើងឯក UK Championship កាលឆ្នាំ២០២៤ រួចមក។

ក្នុងប្រកួតនោះដែរ Slessor ដែលឈរនៅលេខរៀងទី២៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន បានបើកការនាំមុខ ២សិតមុន ពីការប្រកួតកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅឯទីលាន Brentwood Centre ត្រឹមតែពិន្ទុ ៦៧ប៉ុណ្ណោះ មុនពេល Trump ពុំដែលឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារដូវកាលនេះ បានធ្វើការឆ្លើយតប តាមរយៈវាយបកឈ្នះ ៣សិតវិញ។

ទោះជាយ៉ាងណា Slessor ក៏ធ្វើបានជ័យជម្នះចំពោះ ២សិតចុងក្រោយ ដើម្បីកំណត់ថា ជាអ្នកទទួលបានកៅអីឡើងទៅវគ្គ ៨នាក់ ដែលត្រូវប្រឈមមុខនឹង Mark Allen គ្រាដែល Murphy ម្ចាស់ពាន Masters Champions បានហាលអាវដូចគ្នា ទោះបីខិតខំវាយបកតាមស្មើ ៣-៣ បន្ទាប់ពី Page បាននាំមុខ ៣-១ ក៏ដោយ៕