Nvidia វិនិយោគ ៥ពាន់លានដុល្លារក្នុង Intel ដើម្បីជួយសង្គ្រោះក្រុមហ៊ុននេះពីការបាត់បង់ទីផ្សារ

19-09-2025 10:51

(បរទេស)៖ ក្រុមហ៊ុន Nvidia បានប្រកាសពីការចូលរួមវិនិយោគក្នុងក្រុមហ៊ុន Intel ចំនួន៥ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ៤% នៃភាគហ៊ុនរបស់ Intel។ ការវិនិយោគនេះមិនមែនគ្រាន់តែជាការជួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការចុះសហប្រតិបត្តិការរវាង Nvidia និង Intel ក្នុងការផលិតឈីបសម្រាប់ម៉ាស៊ីនមេ (Data Center) និង កុំព្យូទ័រ (PCs)។

ការសហការបច្ចេកវិទ្យានេះ នឹងរួមមានការប្រើប្រាស់បច្ចេកវិទ្យា NVLink របស់ Nvidia ដើម្បីភ្ជាប់បណ្តាញឈីប AI និង GPU ទៅនឹង CPU x86 របស់ Intel។ Intel នឹងផលិត CPU ផ្ទាល់ខ្លួនសម្រាប់ Nvidia ដើម្បីប្រើក្នុងសេវាកម្ម AI និងការរួមបញ្ចូលឈីប GPU របស់ Nvidia ទៅក្នុងឈីបសម្រាប់កុំព្យូទ័ររបស់ Intel។ ការសហការនេះ មិនទាន់រួមបញ្ចូលការផលិតឈីបរបស់ Nvidia ដោយប្រើរោងចក្រ Intel នៅឡើយទេ ប៉ុន្តែ Intel អាចនឹងផ្តល់នូវបច្ចេកវិទ្យាប្រមូលផ្ដុំឈីប និងសេវាផលិតជាបន្ទាប់។

ព័ត៌មាននេះ ពិតជាមានសារសំខាន់ក្នុងវិស័យបច្ចេកវិទ្យាព្រោះសម្រាប់ Intel គឺជាការទទួលបានជំនួយដ៏ធំ ខណៈបច្ចុប្បន្ន Intel កំពុងជួបបញ្ហា ដោយបាត់បង់តំណែងជាមេដឹកនាំផ្នែកបន្ទះឈីប AI, ការបរាជ័យផ្នែកផលិតកម្ម, និងការបាត់បង់ទីផ្សារ។ ងាកមក Nvidia គឺជួយពង្រឹងការភ្ជាប់ជាមួយបរិបទ CPU x86 ដែលគ្របដណ្តប់ពិភពលោក (ប្រើប្រាស់នៅទូទាំង Server និង PCs)។ ប្រសិនបើ Nvidia អាចរួមការងារជាមួយ Intel ដោយប្រើឈីប chiplet និង NVLink គឺអាចនាំឲ្យមានផលិតផលថ្មីៗរួមបញ្ចូល CPU+GPU ហើយវាក៏ជាផ្នែកនៃយុទ្ធសាស្ត្រដើម្បីគ្រប់គ្រងបច្ចេកវិទ្យាឈីបជាច្រើនប្រភេទ ដោយមិនចាំបាច់ពឹងផ្អែកលើរោងចក្រ TSMC ឬ Samsung៕