Panasonic បោះជំហានដ៏ធំ! ត្រៀមផលិតអាគុយរថយន្តអគ្គិសនីគ្មាន Anode ក្នុងរយៈពេល ២ ឆ្នាំទៀត
19-09-2025 14:17
(បរទេស)៖ ក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយដ៏ធំរបស់ Tesla បានប្រកាសពីគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាអាគុយថ្មីដែលនឹងធ្វើឲ្យមានការកើនឡើងនូវសមត្ថភាពរហូតដល់ ២៥%។ ក្រុមហ៊ុនបានឲ្យដឹងថា បច្ចេកវិទ្យាថ្មីនេះនឹងលុបបំបាត់ចោលនូវផ្នែក «Anode» ក្នុងអំឡុងពេលផលិត ដើម្បីបង្កើនដង់ស៊ីតេថាមពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ការអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់នេះ នឹងជួយពង្រីកចម្ងាយនៃការបើកបររថយន្តអគ្គិសនីរបស់ Tesla ម៉ូដែល Model Y ឲ្យកាន់តែឆ្ងាយជាងមុនដល់ទៅជិត ១៤៥ គីឡូម៉ែត្រ ជាមួយនឹងទំហំអាគុយបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ អាគុយថ្មីនេះក៏អាចមានទម្ងន់ស្រាលជាងមុន ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិតយ៉ាងមានប្រសិទ្ធភាពផងដែរ។
អ្នកជំនាញបច្ចេកវិទ្យាម្នាក់មកពីក្រុមហ៊ុន Panasonic បានបញ្ជាក់ថា៖ «បច្ចេកវិទ្យានេះទំនងជានឹងផ្តល់កម្រិតសមត្ថភាពឈានមុខគេនៅលើពិភពលោកនៅត្រឹមចុងឆ្នាំ ២០២៧»។ ក្រុមហ៊ុនក៏មានបំណងកាត់បន្ថយការប្រើប្រាស់នីកែលដែលមានតម្លៃថ្លៃ ដើម្បីផលិតអាគុយឲ្យកាន់តែមានតម្លៃសមរម្យសម្រាប់ទីផ្សារ។
គួរជម្រាបថា បច្ចេកវិទ្យា «គ្មាន Anode» នេះត្រូវបានចាត់ទុកជាការសម្រេចចិត្តដ៏ធំមួយនៅក្នុងវិស័យឧស្សាហកម្មអាគុយអគ្គិសនី ខណៈដែលក្រុមហ៊ុនផលិតអាគុយលំដាប់ពិភពលោកជាច្រើនក៏កំពុងសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យានេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានរំពឹងថានឹងជំរុញទីផ្សាររថយន្តអគ្គិសនីឲ្យកាន់តែរីកចម្រើនខ្លាំង ខណៈដែលក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តគូប្រជែងជាច្រើនទៀត៕