Xiaomi ប្រកាសប្រមូលរថយន្ត SU7 ជាង ១១ ម៉ឺនគ្រឿង មកធ្វើបច្ចុប្បន្នភាព​កម្មវិធី ដើម្បី​ពង្រឹង​សុវត្ថិភាព​អ្នកបើកបរ

19-09-2025 16:36

(បរទេស)៖ ក្រុមហ៊ុន Xiaomi គ្រោងនឹងចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធី (Software Update) សម្រាប់រថយន្តអគ្គិសនីម៉ូដែល SU7 របស់ខ្លួនជាង ១១៥,០០០ គ្រឿង ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពដែលអាចកើតមានឡើងនៅពេលប្រើប្រាស់មុខងារជំនួយការបើកបរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៥។

និយ័តករចិនបានបញ្ជាក់ថា រថយន្ត SU7 ស្តង់ដារចំនួន ១១៦,៨៨៧ គ្រឿង ដែលផលិតចន្លោះពីខែកុម្ភៈ ឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៥ អាចនឹងជួបប្រទះបញ្ហា។ បញ្ហានោះ​គឺ​នៅពេលដែលមុខងារជំនួយការបើកបរសម្រាប់ផ្លូវហាយវ៉េកម្រិត ២ (Level 2 Highway Pilot) ត្រូវបានបើក វាអាចនឹងមានការព្រមានមិនគ្រប់គ្រាន់ ឬដំណើរការមិនពេញលេញក្នុងស្ថានភាពពិសេសមួយចំនួន។

ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពកម្មវិធីតាមប្រព័ន្ធ OTA (Over-the-air) ភ្លាមៗ ដើម្បីកែសម្រួលបញ្ហានេះ។ ការសម្រេចចិត្តនេះកើតឡើងស្របពេលដែលរដ្ឋាភិបាលចិនបានចេញសេចក្តីព្រាងច្បាប់សុវត្ថិភាពថ្មីសម្រាប់យានយន្តស្វ័យប្រវត្តិកម្មកម្រិត ២ ដែលគ្រោងនឹងមានប្រសិទ្ធភាពចាប់ពីឆ្នាំ ២០២៧ តទៅ។

គួររំឭកផងដែរថា កាលពីខែមីនាកន្លងទៅ រថយន្ត SU7 មួយគ្រឿងបានជួបគ្រោះថ្នាក់ដ៏គួរឱ្យសោកស្តាយ ដោយបានបុកបង្គោលស៊ីម៉ងត៍ក្នុងល្បឿន ៩៧ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីអ្នកបើកបរបានបិទប្រព័ន្ធមុខងារជំនួយការបើកបរនេះត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ទោះបីជាក្រុមហ៊ុន Xiaomi បានអះអាងថា ប្រព័ន្ធរបស់ខ្លួនបានផ្តល់ការព្រមានពីឧបសគ្គខាងមុខក៏ដោយ ករណីនេះបានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពនៃប្រព័ន្ធជំនួយការបើកបរ។ សម្រាប់ប្រព័ន្ធកម្រិត ២ នេះ អ្នកបើកបរនៅតែត្រូវយកចិត្តទុកដាក់ជានិច្ច ទោះបីជាប្រព័ន្ធអាចគ្រប់គ្រងដៃចង្កូត និងហ្វ្រាំងក៏ដោយ៕