សមិទ្ធផលថ្មីលើទឹកដីកម្ពុជា! ក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន «GAC» ត្រៀមបើករោងចក្រដំឡើងរថយន្តក្នុងខេត្តកំពង់ឆ្នាំង

19-09-2025 17:03

(ភ្នំពេញ)៖ នៅអាគារតាំងបង្ហាញរថយន្ត GAC Cambodia ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. ដែលមាន TH Group ជាក្រុមហ៊ុនមេ បានសម្រេចនូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ ជូនប្រជាជនកម្ពុជាចំនួនពីរក្នុងថ្ងៃតែមួយ នោះគឺជាការប្រកាសអំពីការទទួលបានអាជ្ញាបណ្ណ ដំណើរការរោងចក្រដំឡើងរថយន្ត និងពិធីចុះអនុស្សរណៈទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ក្នុងព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

កម្មវិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់វត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក Yu Jun (យូ ជុន) អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. ព្រមជាមួយវត្តមានលោក​ ណង តុង អគ្គនាយកក្រុមហ៊ុន TH Group, លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ TH Group ក៏ដូចជាការអញ្ជើញចូលរួមពីសិល្បករ-សិល្បការនី Influencer, Content Creator និងបណ្តាអង្គភាពសារព័ត៌មានជាច្រើនស្ថាប័ន។

ការឈានទៅសម្រេចបង្កើតរោងចក្រដំឡើងរថយន្តម៉ាក GAC នៅកម្ពុជានេះ អាចចាត់ទុកបានថា កម្ពុជាដែលនិយាយជារួម និង TH Group និយាយដោយឡែក គឺជាមជ្ឈមណ្ឌល ឬជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងមានទំនុកចិត្តបំផុត ក្នុងការកសាងម៉ាកយីហោ GAC ឲ្យកាន់តែល្បីល្បាញរាប់រយឆ្នាំទៅមុខ ពិសេសគឺជាចំណែកផ្តល់ឱកាសការងាររាប់រយកន្លែង និងផ្តល់លទ្ធភាពជូនប្រជាជនកម្ពុជា អាចប្រើប្រាស់រថយន្តថ្មីកាន់តែច្រើន។ ម្យ៉ាងវិញទៀត ភាពជោគជ័យទាំងអស់នេះហើយ ស្តែងឲ្យឃើញបានតាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ របស់ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន TH Group កំពុងខិតខំមិនសំចៃជំរុញកំណើនសេដ្ឋកិច្ច តាមលំនាំយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រេចឲ្យបានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សូមជម្រាបថា រោងចក្រដំឡើងរថយន្ត GAC ក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. នេះ គឺនឹងសម្រេចការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក ក្រោមទំហំផ្ទៃដី ១១ហិចតានៅខេត្តកំពង់ឆ្នាំង ដែលអាចបង្កើតឱកាសការងារចំនួន ៤០០នាក់ ទៅ ៦០០នាក់ ជាមួយខ្សែចង្វាក់ផលិតកម្មរថយន្តបានចាប់ពីចំនួន ១ម៉ឺន ទៅ ១ម៉ឺន៥ពាន់គ្រឿងនៅក្នុងមួយឆ្នាំ។

គួរឲ្យដឹងថា រយៈពេលជាងពាក់កណ្តាលទស្សវត្សរ៍ ក្នុងនាមជាអ្នកនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ GAC Cambodia ក្រោមដំបូលក្រុមហ៊ុនយក្ស TH Group បាននិងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន GAC កំពុងឈរនៅលំដាប់លេខរៀងទី១ ជាម៉ាកយីហោប្រ៊ែនចិនដ៏ធំបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២៥នេះ៕