Oracle កំពុងចរចាកិច្ចព្រមព្រៀង AI Cloud Computing តម្លៃ ២០ ពាន់លានដុល្លារជាមួយ Meta
20-09-2025 11:09
(បរទេស)៖ ក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ កំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុន Meta សម្រាប់កិច្ចព្រមព្រៀងសេវាកម្ម cloud computing ដែលមានតម្លៃរហូតដល់ ២០ ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះនឹងជួយឲ្យក្រុមហ៊ុន Meta ទទួលបាននូវថាមពលកុំព្យូទ័រលឿនជាងមុន ដើម្បីបណ្តុះបណ្តាល និងដំណើរការម៉ូដែល AI របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចសន្យានេះបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Oracle នៅក្នុងទីផ្សារ cloud computing ជាពិសេសសម្រាប់សេវាកម្មដែលទាក់ទងនឹង AI។ មួយសប្តាហ៍មុននេះ ក្រុមហ៊ុន Oracle ក៏បានចុះហត្ថលេខាលើកិច្ចសន្យាមួយផ្សេងទៀតដែលមានតម្លៃ ៣០០ ពាន់លានដុល្លារជាមួយក្រុមហ៊ុន OpenAI ដែលជាកិច្ចសន្យា cloud ដ៏ធំបំផុតមិនធ្លាប់មានផងដែរ។
គួរជម្រាបថា កិច្ចព្រមព្រៀងដ៏ធំទាំងនេះ បញ្ជាក់ពីការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងវិស័យ AI ដែលក្រុមហ៊ុននានាកំពុងវិនិយោគយ៉ាងច្រើន ដើម្បីធានាបាននូវសមត្ថភាពកុំព្យូទ័រដ៏ធំសម្បើមសម្រាប់អភិវឌ្ឍ AI។ ក្រុមហ៊ុន Oracle រំពឹងថាខ្លួននឹងចុះកិច្ចសន្យាធំៗជាច្រើនទៀតនាពេលអនាគត ដែលបង្ហាញពីតម្រូវការខ្ពស់សម្រាប់សេវាកម្ម cloud របស់ខ្លួន៕