កូនប្រុសរបស់ Zidane ចាកចោលក្រុមបារាំង ជ្រើសយកជម្រើសជាតិអាល់ហ្សេរី
20-09-2025 13:14
(បរទេស)៖ កីឡាករចាំទី Luca Zidane ដែលជាកូនប្រុសតារា World Cup 1998 និងកីឡាករនាំលេង Zinedine Zidane បានសម្រេចចិត្តជ្រើសរើសក្រុមជម្រើសជាតិអាល់ហ្សេរី ជំនួសក្រុមមាន់គកបារាំងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កន្លងមក Luca វ័យ ២៧ឆ្នាំ ដែលបានកើតនៅក្រៅទីក្រុង Marseille ក៏ធ្លាប់បង្ហាញខ្លួនក្នុងឈុតយុវជនរបស់បារាំង ផងដែរ។
ការសម្រេចជ្រើសរើសយកក្រុមជម្រើសជាតិនៅតំបន់អាហ្វ្រិក ដោយចាកចោលក្រុមបារាំងនោះ ក៏មានការព្រមព្រៀងពី សហព័ន្ធ FIFA ដែរ គ្រាដែលអាល់ហ្សេរី ក៏ជាក្រុមដែលអាចទទួលបានកៅអី១ លេងនៅ World Cup 2026 ប្រសិនបើពួកគេអាចយកឈ្នះគូប្រជែង ស៊ូម៉ាលី នៃវគ្គជម្រុះនាខែក្រោយនេះ។
គួរបញ្ជាក់ផងថា Luca គឺជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស ៤នាក់របស់លោក Zinedine Zidane ដែលសុទ្ធសឹងជាថ្នាលយុវជនរបស់ក្លឹប Real Madrid។ ថ្មីៗនេះបានលេងនៅក្របខណ្ឌទី២ របស់អេស្ប៉ាញក្នុងក្លឹប Granada៕