តម្រូវការខ្លាំង! Apple កំពុងបង្កើនការផលិត iPhone 17 ធម្មតាដល់ ៣០%

20-09-2025 15:29

(បរទេស)៖ យោងតាមរបាយការណ៍ថ្មីពីសារព័ត៌មាន The Information បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានស្នើសុំឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួនបង្កើនការផលិតទូរស័ព្ទ iPhone 17 ដែលជាម៉ូដែលកម្រិតធម្មតាដល់ទៅ ៣០% បន្ទាប់ពីទទួលបានការកុម្ម៉ង់ទិញទុកមុនយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៥។

ការកើនឡើងដ៏គួរឲ្យចាប់អារម្មណ៍នេះបានបង្ហាញពីការផ្លាស់ប្តូរទម្លាប់របស់អតិថិជន។ អតិថិជនកាន់តែច្រើនកំពុងងាកមកចាប់អារម្មណ៍លើ iPhone 17 ដែលមានតម្លៃសមរម្យជាងមុន (ចាប់ពី ៧៩៩ ដុល្លារ) ជំនួសឱ្យម៉ូដែល Pro ដែលមានតម្លៃថ្លៃជាង (ចាប់ពី ១,០៩៩ ដុល្លារ)។

របាយការណ៍ដដែលបានបន្តថា ក្រុមហ៊ុន Apple បានស្នើសុំឲ្យក្រុមហ៊ុន Luxshare Precision ដែលជាដៃគូដំឡើង iPhone ដ៏សំខាន់មួយនៅប្រទេសចិន បង្កើនផលិតកម្មប្រចាំថ្ងៃសម្រាប់ iPhone 17 ធម្មតាប្រហែល ៤០%។ អ្នកវិភាគបានលើកឡើងថា ទោះបីជាការលក់ម៉ូដែលតម្លៃទាបនេះអាចជះឥទ្ធិពលដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏ដោយ វាបានជួយឲ្យ Apple រក្សាបាននូវចំណែកទីផ្សាររបស់ខ្លួន។

គួរជម្រាបថា ក្រុមហ៊ុន Apple មានក្តីរំពឹងថាទូរស័ព្ទ iPhone ជំនាន់ថ្មី រួមទាំងម៉ូដែល «iPhone Air» ដែលមានតួខ្លួនស្ដើងជាងមុន នឹងអាចស្តារការលក់របស់ខ្លួនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ។ ការធ្លាក់ចុះនេះបណ្តាលមកពីអ្នកប្រើប្រាស់ប្តូរទូរស័ព្ទថ្មីមិនញឹកញាប់ដូចមុន ព្រោះម៉ូដែលថ្មីៗហាក់ដូចជាមិនសូវមានការផ្លាស់ប្តូរធំដុំ៕