អបអរសាទរសាលារៀនសុវណ្ណភូមិ បំបែកកំណត់ត្រាសិស្សនិទ្ទេស A  ៥ឆ្នាំជាប់គ្នាមានសិស្សចំនួន ៤១៨នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

20-09-2025 17:19

(ភ្នំពេញ)៖ អបអរសាទរសាលារៀនសុវណ្ណភូមិ បានបំបែកកំណត់ត្រាសិស្សនិទ្ទេស A ក្នុងរយៈពេល ៥ឆ្នាំជាប់គ្នា ដែលមានសិស្សចំនួន ៤១៨នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ការបំបែកកំណត់ត្រា៥ឆ្នាំជាប់គ្នា បានធ្វើឱ្យសាលារៀនសុវណ្ណភូមិ បានក្លាយខ្លួនទៅជាស្ថាប័នអប់រំឈានមុខគេនៅកម្ពុជា ដោយសិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិទទួលនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៤១៨នាក់។

ក្នុងនោះយុវសិស្ស ឃុន ដាលីណា មកពីសាលារៀនសុវណ្ណភូមិ ទីតាំងប៉ោយប៉ែតទី២ ទទួលបាន​និទ្ទេស A លំដាប់​ពិន្ទុ ១០០.០០០ ខ្ពស់ជាងគេទូទាំងប្រទេស ទទួលបានរថយន្ដ១គ្រឿង ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

គួរជម្រាបថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។

បន្ថែមពីនោះទៀត ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់។

បេក្ខជនចុះឈ្មោះប្រឡងប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។

ក្រសួងអប់រំ បានបញ្ជាក់ថា ដំណើរការសំណេរ នៃការប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»៕